(ប្រេតូរីយ៉ា)៖ សេវាសង្រ្គោះបន្ទាន់នៃប្រទេសអាហ្រ្វិកខាងត្បូង បានឱ្យដឹងថា មនុស្សច្រើនជាង៥០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះអគ្គិភ័យដែលបានឆាបឆេះ អគារមួយខ្នងកម្ពស់៥ជាន់ខ្ពស់ នៅកណ្តាលទីក្រុង Johannesburg នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។
លោក រ៉ូបឺត មូឡាជី (Robert Mulaudzi) អ្នកនាំពាក្យសេវាគ្រប់គ្រងគ្រោះអាសន្ននៃទីក្រុង Johannesburg បាននិយាយថា មនុស្សរាប់សិបនាក់ផ្សេងទៀត បានទទួលរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោក Mulaudzi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ENCA យ៉ាងដូច្នេះថា «ពួកយើងយកសាកសពបាន៥២នាក់ ខណៈមនុស្ស៤៣នាក់ផ្សេងទៀត បានរងរបួស»។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានពន្លត់ភ្លើងឱ្យរលត់ដោយជោគជ័យហើយ ខណៈប្រតិបត្តិការរុករកនិងទាញយកសាកសព កំពុងបន្តប្រព្រឹត្តទៅ។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះ វាមិនទាន់ច្បាស់នៅឡើយទេថា គ្រោះអគ្គិភ័យខាងលើ បណ្តាលមកពីមូលហេតុអ្វី ខណៈវាបានកើតឡើងកាលពីវេលាយប់រំលងអធ្រាត្រ។ អគារកម្ពស់៥ជាន់នោះ ស្ថិតនៅក្នុងតំបន់មួយធ្លាប់ជាសង្កាត់អាជីវកម្មនៃទីក្រុង Johannesburg ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់អាហ្រ្វិកខាងត្បូង ហើយវាត្រូវបានប្រើប្រាស់ ជាកន្លែងតាំងទីលំនៅមិនផ្លូវការ៕