(ព្រុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសែប បូរ៉ែល (Josep Borrell) កាលពីថ្ងៃពុធសប្តាហ៍នេះ បានជំរុញដល់ប្រទេសជាសមាជិកទាំងអស់បញ្ជាទិញគ្រាប់កាំភ្លើងធំបន្ថែមទៀតសម្រាប់អ៊ុយក្រែន ខណៈតួលេខបង្ហាញថាប្លុកនេះគឺនៅឆ្ងាយពីគោលដៅ ខែមីនា ដើម្បីផ្តល់ឲ្យទីក្រុងកៀវនូវគ្រាប់កាំភ្លើងធំមួយលានគ្រាប់ ក្នុងរយៈពេល ១២ខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។

លោក បូរ៉ែល បានឲ្យដឹងថា មានកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនផលិតអាវុធ ដើម្បីអនុញ្ញាតឲ្យប្រទេសសមាជិក EU ដាក់ការបញ្ជាទិញរួមគ្នានូវគ្រាប់ សម្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ដែលអ៊ុយក្រែនកំពុងត្រូវការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ EU នៅទីក្រុងតូឡេដូ (Toledo) របស់អេស្ប៉ាញ យ៉ាងដូច្នេះថា «ឥឡូវនេះ ប្រទេសជាសមាជិកទាំងអស់ត្រូវតែអនុម័តការបញ្ជាទិញជាក់ស្តែងទៅតាមក្របខណ្ឌនៃកិច្ចព្រមព្រៀង ជាមួយខាងឧស្សាហកម្មផលិត»។

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅនេះ បណ្តាសមាជិក EU បានឯកភាពគ្នាលើផែនការដែលមានតម្លៃជាង ២ពាន់លានអឺរ៉ូ (២.១៨ពាន់លានដុល្លារ) ដើម្បីផ្តល់ គ្រាប់កាំភ្លើងធំ ឬមីស៉ីលចំនួន ១លានគ្រាប់ដល់អ៊ុយក្រែនសម្រាប់រយៈពេល ១២ខែ។ ប៉ុន្តែ លោក បូរ៉ែល ថាការចូលរួមដំបូងបានផ្តល់ គ្រាប់កាំភ្លើងធំប្រហែល ២២៤,០០០គ្រាប់ និងមីស៉ីលចំនួន ២,៣០០គ្រាប់ មានតម្លៃសរុបជាង ១.១ពាន់លានអឺរ៉ូប៉ុណ្ណោះ៕