(វ៉ាស៊ីនតោន)៖ សេតវិមាន បានព្រមានកូរ៉េខាងជើង ប្រឆាំងនឹងការលក់អាវុធទៅឱ្យរុស្ស៉ី សម្រាប់បន្តធ្វើសង្គ្រាមឈ្លានពានលើអ៊ុយក្រែន ខណៈភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន នៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថាសហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះសក្តានុពលនៃកិច្ចព្រមព្រៀងអាវុធរវាងរុស្ស៉ី និងកូរ៉េខាងជើង។ លោក John Kirby បានបញ្ជាក់ដូច្នេះថា «យើងជំរុញឱ្យ DPRK (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង) បញ្ឈប់កិច្ចចរចាអាវុធរបស់ខ្លួនជាមួយរុស្ស៉ី និងគោរពតាមការប្ដេជ្ញាចិត្ត ជាសាធារណៈដែលថាទីក្រុងព្យុងយ៉ាងនឹងមិនផ្ដល់ ឬលក់អាវុធឱ្យរុស្ស៉ីនោះទេ»

លោក Kirby បន្ថែមថាសហរដ្ឋអាមេរិកជឿថារដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បានព្យាយាមបញ្ចុះបញ្ចូលឱ្យ ទីក្រុងព្យុងយ៉ាង លក់គ្រាប់កាំភ្លើងធំឱ្យទីក្រុងមូស្គូ នៅពេលដែលរូបលោកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងបានជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន កាលពីខែកក្កដាកន្លងទៅ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កន្លងមកធ្លាប់បានព្រមានបណ្ដាប្រទេសជាគូប្រជែង និងជាគូសត្រូវរបស់ខ្លួន ក្នុងនោះរួមមានទាំងចិន កុំឱ្យជួយរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន ខណៈ NATO កំពុងផ្ដល់ជំនួយយោធាយ៉ាងសន្ធឹកសន្ធាប់ដល់ទីក្រុងកៀវ ដើម្បី វាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែន។ ចំណែក ការអត្ថាធិប្បាយរបស់លោក John Kirby ​កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពី ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយឆ្លងសំបុត្រគ្នាទៅវិញទៅមកជាមួយលោក គីម ជុងអ៊ុន៕