(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះបានរាយការណ៍ថាយោធាកូរ៉េខាងជើងបានដឹកនាំការធ្វើ សមយុទ្ធហាត់សមវាយប្រហារនុយក្លេអ៊ែរតាក់ទិក លើគោលដៅនានាក្នុងប្រទេសកូរ៉េខាងត្បូង ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមរយៈការស្រង់សម្ដីពីអគ្គនាយសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង (KPA​​) KCNA បានគូសបញ្ជាក់ថា KPA បានដឹកនាំការធ្វើសមយុទ្ធ ហាត់សមវាយប្រហារនុយក្លេអ៊ែរតាក់ទិក លើទីបញ្ជាការ និងព្រលានយន្ដហោះសំខាន់ៗរបស់យោធាកូរ៉េខាងត្បូង កាលពីយប់ថ្ងៃពុធម្សិលមិញ។

កាលពីយប់ថ្ងៃពុធម្សិលមិញនោះដែរ យោធាកូរ៉េខាងត្បូងបានអះអាងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ចូលទៅក្នុងសមុទ្រ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-1B ឱ្យចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយ សម្ព័ន្ធមិត្តរបស់ខ្លួន។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលចុងក្រោយបំផុតខាងលើរបស់កូរ៉េខាងជើង កើតមានឡើងមួយថ្ងៃ មុននឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបិទបញ្ចប់ ការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល១១ថ្ងៃ ដែលទីក្រុងព្យុងយ៉ាង ថ្កោលទោស និងចាត់ទុកថាជាការត្រៀមលក្ខណៈធ្វើសង្រ្គាមឈ្លានពានប្រឆាំងនឹង របបដឹកនាំលោក គីម ជុងអ៊ុន៕