(លីប្រឺវីល)៖ ក្រុមមន្រ្តីយោធាជាន់ខ្ពស់នៅក្នុងប្រទេសហ្កាបុង (Gabon) នៃតំបន់អាហ្រ្វិកកណ្តាល បានបង្ហាញខ្លួនតាមទូរទស្សន៍ជាតិ នៅថ្ងៃពុធ ទី៣០ ខែសីហានេះ និងប្រកាសថាពួកគេបានដណ្តើមអំណាចគ្រប់គ្រងប្រទេស នៅក្នុងការធ្វើរដ្ឋប្រហារមួយ បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោត ទើបប្រកាសថាប្រធានាធិបតីហ្កាបុង លោក អាលី បុងហ្គោ (Ali Bongo) បន្តជាប់ឆ្នោតសម្រាប់អាណត្តិទី៣។
ដោយបង្ហាញវត្តមានតាមរយៈប៉ុស្តិ៍ទូរទស្សន៍ Gabon 24 ក្រុមមន្រ្តីយោធាខាងលើបានអះអាងថា ពួកគេតំណាងឱ្យកងកម្លាំងសន្តិសុខ និងការពារជាតិ ទាំងអស់នៅក្នុងប្រទេសហ្កាបុង។ ពួកគេបានបន្តថា លទ្ធផលនៃការបោះឆ្នោតដែលទើបតែបានប្រព្រឹត្តទៅ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន គឺត្រូវបានចាត់ ទុកជាមោឃៈ ខណៈព្រំប្រទល់ទាំងអស់របស់ប្រទេស ត្រូវបិទរហូតដល់មានការជូនដំណឹងជាថ្មី ហើយស្ថាប័នរដ្ឋនានាត្រូវបានរំលាយចោល។
ក្រុមមន្រ្តីយោធាដដែលបាននិយាយយ៉ាងដូច្នេះថា «តាងនាមឱ្យប្រជាជនហ្កាបុងទាំងអស់ យើងបានសម្រេចចិត្តការពារសន្តិភាព តាមរយៈការបិទបញ្ចប់ របបដឹកនាំបច្ចុប្បន្ន»។ ក្រុមអ្នកកាសែតអន្តរជាតិមួយចំនួន ដែលនៅយកការណ៍ក្នុងតំបន់ បានឱ្យដឹងថា មានសំឡេងកាំភ្លើងត្រូវបានលឺ នៅក្នុង រដ្ឋធានីលីប្រឺវីល (Libreville) ក្រោយការចេញមុខប្រកាសតាមកញ្ចក់ទូរទស្សន៍របស់ក្រុមយោធា។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ភាពតានតឹងគឺស្ថិតក្នុងកម្រិតខ្ពស់ ចំពោះមុខក្តីព្រួយបារម្ភអំពីភាពវឹកវរ ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបានមើលឃើញលោក Bongo ព្យាយាមបន្តរក្សាការកាន់អំណាច ដែលមានរយៈពេលសរុបប្រមាណជា ៥៦ឆ្នាំមកហើយនៃគ្រួសាររបស់លោក ស្របពេលដែលក្រុមប្រឆាំងព្យាយាមប្រឹងប្រែងចង់ឱ្យមានការផ្លាស់ប្តូរ។
ការខ្វះវត្តមាននៃក្រុមអ្នកសង្កេតការណ៍អន្តរជាតិ រួមជាមួយការបិទប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន និងការសម្រេចចិត្តរបស់អាជ្ញាធរក្នុងការផ្តាច់សេវាអ៉ីនធើណិត ហើយដាក់ចេញបម្រាមគោចរពេលយប់នៅទូទាំងប្រទេស ក្រោយការបោះឆ្នោត បានបង្កឱ្យមានក្តីកង្វល់អំពីតម្លាភាពនៃដំណើរការបោះឆ្នោត នៅក្នុងប្រទេសអាហ្រ្វិកកណ្តាលមួយនេះ។ ប្រសិនបើទទួលបានជោគជ័យមែន នោះរដ្ឋប្រហារនៅហ្កាបុង (Gabon) នឹងក្លាយជារដ្ឋប្រហារទី៨ ក្នុងតំបន់អាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្ដាលចាប់តាំងពីឆ្នាំ២០២០មក។ កាលពីខែកក្កដាកន្លងទៅ រដ្ឋប្រហារក៏បានផ្ទុះឡើងនៅក្នុងប្រទេសនីហ្សេផងដែរ។ ក៏ប៉ុន្តែ ហេតុអ្វីបានជារដ្ឋប្រហារតែងតែផ្ទុះឡើងជាញឹកញាប់នៅអាហ្វ្រិក?
ប្រទេសអាហ្វ្រិកដែលបានជួបប្រទះនឹងការធ្វើរដ្ឋប្រហារនាប៉ុន្មានឆ្នាំចុងក្រោយនេះរួមមាន ម៉ាលី (កាលពីខែសីហា ឆ្នាំ២០២០) ឆាដ (ខែមេសា ឆ្នាំ២០២១) ហ្គីណេ (ខែកញ្ញា ឆ្នាំ២០២១) ស៊ូដង់ (ខែតុលា ឆ្នាំ២០២១) បួរគីណាហ្វាសូ (ខែមករា ឆ្នាំ២០២២) ហ្គេណេ ប៊ីសូ (ខែកុម្ភៈ ឆ្នាំ២០២២) នីហ្សេ (កាលពីខែកក្កដា ឆ្នាំ២០២៣) និងចុងក្រោយគេគឺហ្កាបុង (នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣)។ សម្រាប់ក្រុមអ្នកវិភាគខ្លះ ការធ្វើរដ្ឋប្រហារបានក្លាយជា ជំងឺឆ្លងមួយនៅអាហ្វ្រិក ហើយមូលហេតុចម្បងមួយផ្នែក គឺបណ្ដាលមកពីការមិនទទួលបានការផ្តន្ទាទោសខ្លាំងក្លាពីសហគមន៍អន្តរជាតិ។
នៅពេលរដ្ឋប្រហារផ្ទុះឡើងនៅម៉ាលី ក្រុមអ្នកវិភាគបានព្រមានថារដ្ឋប្រហារបន្ទាប់ អាចនឹងផ្ទុះឡើងនៅបួរគីណាហ្វាសូ ហើយការព្រមាននេះពិតជាកើតឡើង មែន។ បើតាមក្រុមអ្នកវិភាគ ប្រសិនបើមេដឹកនាំធ្វើរដ្ឋប្រហារមិនទទួលបានការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិទេ នោះវាអាចនឹងផ្ទុះរដ្ឋប្រហារ ជាបន្តបន្ទាប់ទៀតក្នុងតំបន់អាហ្វ្រិក។ ករណីប្រទេសម៉ាលី សហគមន៍អន្តរជាតិមិនបានចាត់វិធានការឆ្លើយតបណាមួយគួរឱ្យកត់សម្គាល់ឡើយ។ ចំណែក នៅក្នុងករណីប្រទេសឆាដវិញ ក៏មិនខុសគ្នាដែរ ហើយមិនតែប៉ុណ្ណោះមានប្រទេសខ្លះថែមទាំងទទួលស្គាល់អំណាចរបស់មេដឹកនាំរដ្ឋប្រហារទៀតផង។
ជាក់ស្ដែង បារាំងដែលជាដៃគូពាណិជ្ជកម្ម និងជាសម្ព័ន្ធមិត្តយោធារបស់ឆាដផងនោះ មិនបានរិះគន់រដ្ឋប្រហារកាលពីឆ្នាំ២០២១នោះទេ ផ្ទុយទៅវិញបែរទៅជា ទទួលស្គាល់លោក Mahamat Idriss Deby ដោយចាត់ទុកថាការឡើងកាន់អំណាចរបស់មេបញ្ជាការកងទ័ពរូបនេះធ្វើឡើងដោយត្រឹមត្រូវ និងគ្មានរដ្ឋប្រហារ អ្វីនោះទេ។ យោធាឆាដ បានដណ្ដើមគ្រប់គ្រងអំណាចក្នុងខែមេសា ឆ្នាំ២០២១ បន្ទាប់ពីអតីតប្រធានាធិបតី លោក Idriss Deby ត្រូវបានសម្លាប់ក្នុងសមរភូមិ ខណៈបំពេញទស្សនកិច្ចសួរសុខទុក្ខកងទ័ពដែលកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមនៅភាគខាងជើងប្រទេសនៅពេលនោះ។ នៅក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសឆាដ ប្រធានរដ្ឋសភាទៅវិញទេ ដែលត្រូវឡើងកាន់តំណែងជាប្រធានាធិបតី។ ប៉ុន្តែ ក្រុមប្រឹក្សាយោធាឆាដ បានធ្វើអន្តរាគមន៍ និងរំលាយសភាចោល ក្រោមស្លាករក្សា ស្ថិរភាពប្រទេស។ កូនប្រុសរបស់លោក Deby គឺលោក Mahamat Idriss Deby ត្រូវបានតែងតាំងជាប្រធានាធិបតីស្ដីទី។ ការផ្ទេរអំណាចផ្ទុយនឹងរដ្ឋធម្មនុញ្ញ បែបនេះបានបង្កទៅកុបកម្មតវ៉ា ក្នុងរដ្ឋធានី យ៉ាមេណា (N'Djamena) តែកុបកម្មនេះត្រូវបានបង្រ្កាបដោយយោធា។ លើសពីនេះទៅទៀត ក្រោយផ្ទុះរដ្ឋប្រហារ នៅនីហ្សេ កាលពីខែកក្កដាកន្លងទៅនេះ សហគមន៍អន្តរជាតិនៅតែមិនអាចប្រកាន់ជំហររួមដើម្បីចាត់វិធានការឆ្លើយតបទេ ហើយសូម្បីតែសហរដ្ឋអាមេរិកដែល ចាត់ទុកនីហ្សេជាសម្ព័ន្ធមិត្តមួយដ៏សំខាន់របស់ខ្លួន ក៏មិនបានហៅវិបត្តិនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយជារដ្ឋប្រហារនោះដែរ។
ដោយមើលឃើញពីគំរូយោធានៅប្រទេសឆាដ និងប្រទេសអាហ្វ្រិក ដែលធ្លាប់បានធ្វើរដ្ឋប្រហារកន្លងមក មិនទទួលរងការផ្តន្ទាទោសធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ យោធានៅតាមប្រទេសអាហ្វ្រិកដទៃទៀតដែលមានអំណាច និងអាវុធនៅក្នុងដៃប្រហែលជាអាចគិត ឬចោទសួរខ្លួនឯងថា «គេផ្សេងអាចធ្វើរដ្ឋប្រហារបាន ហេតុអ្វីបានជាពួកគេមិនធ្វើរដ្ឋប្រហារនឹងគេដែរទៅ»៕