(ហ្សាការតា)៖ ប៉ូលីសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ពួកគេបានចាប់ខ្លួនជនជាតិចិនចំនួន ៨៨ នាក់ពីបទជាប់ពាក់ព័ន្ធក្នុងការលួចបន្លំតាមទូរសព្ទ និងការឆបោកស្នេហាតាមអ៊ីនធឺណែត

បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសន្តិសុខរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់ប៉ូលីសកោះ Riau លោក Zhwani Bandra Arsyad បាននិយាយថា ជនសង្ស័យទាំង ៨៨នាក់ ក្នុងនោះរួមមានទាំងស្ត្រី ៥នាក់ ត្រូវបានចាប់ខ្លួននៅលើកោះ Batam ដែលមានព្រំប្រទល់ជាប់ប្រទេសសិង្ហបុរី។ ពួកគេ​កំពុង​ប្រតិបត្តិការ​ចេញពី​ហាង​មួយនៅក្នុង​តំបន់​ឧស្សាហកម្ម។

លោក Arsyad បាននិយាយថា ប៉ូលីសជឿថាជនសង្ស័យគឺជាសមាជិកក្រុមឆបោកតាមទូរសព្ទ និងបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត។

ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមក្មេងទំនើងនេះបានធ្វើសកម្មភាពតាំងពីដើមឆ្នាំនេះ ដោយមានជនរងគ្រោះរាប់រយនាក់នៅក្នុងប្រទេសចិន ប៉ុន្តែគេមិនទាន់ច្បាស់ថា ប្រមូលបានលុយប៉ុន្មាននោះទេ។

លោក Arsyad បានបន្ថែមថា ប៉ូលីសឥណ្ឌូនេស៊ីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអន្តោប្រវេសន៍ និងក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន ក្នុងការដោះស្រាយជាមួយជនសង្ស័យ និងបញ្ជាក់ ថាតើមានជនជាតិឥណ្ឌូនេស៊ីណាម្នាក់ ក្នុងចំណោមជនរងគ្រោះដែរឬទេ៕