(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverley បាននិយាយថា បញ្ហាសិទ្ធិមនុស្សត្រូវបានលើកឡើង នៅក្នុង «រាល់កិច្ចប្រជុំ» ដែលរបស់មានជាមួយមន្ត្រីជាន់ខ្ពស់ចិន ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
លោក Cleverly រដ្ឋមន្ត្រីការបរទេសអង់គ្លេសដំបូងគេ ដែលធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេលប្រាំឆ្នាំបានជួបពិភាក្សាជាមួយអនុប្រធានាធិបតីចិន លោក Han Zheng ហើយក៏ជួបជាមួយអ្នកការទូតកំពូលចិន លោក Wang Yi ផងដែរ។
ការិយាល័យការបរទេសធ្លាប់បាននិយាយថា ចំណុចពិភាក្សារបស់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន នឹងរួមបញ្ចូលទាំងការបង្រ្កាបរបស់ចិនលើសេរីភាព នៅក្នុងអតីតអាណានិគមអង់គ្លេសនៃទីក្រុងហុងកុង និងការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង និងតំបន់ទីបេផងដែរ។
លោក Cleverly បាននិយាយកាលពីថ្ងៃពុធថា «ខ្ញុំបានសន្ទនាជាច្រើនជាមួយអ្នកតំណាងជាន់ខ្ពស់របស់រដ្ឋាភិបាលចិន ហើយខ្ញុំបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងរាល់ការប្រជុំ»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា «បញ្ហាហុងកុង និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីប្រទេសដទៃឡើយ»៕