(វ៉ាស៉ីនតោន)៖ កងកម្លាំងអវកាសអាមេរិក នៅថ្ងៃពុធនេះបាននិយាយថា យោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចង់ធ្វើសមាហរណកម្មប្រព័ន្ធឃ្លាំមើលរបស់ពួកគេ សម្រាប់តាមដានការបាញ់មីស៉ីលកូរ៉េខាងជើង ជាកិច្ចខិតខំប្រឹងប្រែងមួយដែលអាចនឹងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយជប៉ុននៅក្នុងពេលឆាប់ៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។

ក្រុមមន្ត្រីនៃកងកម្លាំងអវកាស បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅឯមូលដ្ឋានទ័ពអាកាសអូសាន (Osan) ភាគខាងត្បូងទីក្រុងសេអ៊ូល ថាព័ត៌មានលម្អិតនៃកិច្ចសហប្រតិបត្តិការត្រីភាគីនោះ កំពុងដោះស្រាយនៅកម្រិតខ្ពស់ជាងនេះ។

លោកឧត្តមសេនីយ ម៉ាត ថេលលឺ (Matt Taylor) មេបញ្ជាការរងនៃកងកម្លាំងអវកាសអាមេរិក-កូរ៉េខាងត្បូង បានបញ្ជាក់ថា «តាមខ្ញុំដឹង អាចមានកិច្ចព្រមព្រៀងទ្វេភាគីនាពេលអនាគត ហើយក៏អាចជាកិច្ចព្រមព្រៀងត្រីភាគី ជាពិសេលើការព្រមានអំពីមីស៊ីល ជាមួយនឹងការចែករំលែកទិន្នន័យ»

គួរបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក លោក យូន ស៊ុកយុល ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១៨ ខែសីហាថា នៅចុងឆ្នាំ ២០២៣នេះ ប្រទេសទាំង ៣ នឹងចែករំលែកទិន្នន័យព្រមានពីមីស៉ីលកូរ៉េខាងជើងទៅតាមភាពជាក់ស្តែង។ ក្រោមការដឹកនាំដោយកងកម្លាំងអវកាសអាមេរិកដែលមានសាខានៅបរទេស សម្ព័ន្ធមិត្តរបស់អាមេរិកមើលឃើញថា ការរួមបញ្ចូលនូវកិច្ចការអវកាសគឺជាគន្លឹះធ្វើឲ្យប្រសើរឡើងលើការតាមដានការគម្រាមកំហែងរបស់កូរ៉េខាងជើង ក៏ដូចជាត្រៀមលក្ខណៈឆ្លើយតបក្នុងករណីមានជម្លោះកើតឡើង៕