(ប៉េកាំង)៖ នៅឯទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ជេមស៍ ក្លេវើលី (James Cleverly) បាននិយាយនាថ្ងៃពុធនេះថា ទីក្រុងឡុងដ៏ ចង់បានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយចិន ប៉ុន្តែនៅតែមើលឃើញច្បាស់ពីចំណុចនៃការខ្វែងគំនិតគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។
លោក ក្លេវើលី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ យ៉ាងដូច្នេះថា «យើងដឹងច្បាស់ណាស់អំពីចំណុចខ្វែងគំនិតគ្នាជាមូលដ្ឋានជាមួយចិន ហើយយើងបានលើកឡើងពីបញ្ហាទាំងនោះពេលយើងជួបគ្នា។ ប៉ុន្តែខ្ញុំគិតថា វាជាការសំខាន់ក្នុងការទទួលស្គាល់ថា យើងត្រូវតែមានទំនាក់ទំនងការងារប្រកបដោយសុទិដ្ឋិនិយមជាមួយគ្នា កុំដោយសារតែបញ្ហានៅជុំវិញពិភពលោកប៉ះពាល់ដល់ពួកយើង»។
អនុប្រធានាធិបតីចិន លោក ហាន ចេង (Han Zheng) បានប្រាប់ លោក ក្លេវើលី នៅឯកិច្ចប្រជុំនោញថា លោកសង្ឃឹមថាប្រទេសទាំងពីរ អាចបង្កើតភាពជឿនលឿនថ្មីនៅក្នុងទំនាក់ទំនងរបស់ពួកគេ។
គួរបញ្ជាក់ថា លោក ក្លេវើលី គឺជារដ្ឋមន្ត្រីជាន់ខ្ពស់អង់គ្លេសដំបូងគេក្នុងរយៈពេល ៥ឆ្នាំដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដោយសង្ឃឹមថានឹងអាចស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ បន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំជុំវិញបញ្ហាសន្តិសុខ ការវិនិយោគ និងសិទ្ធិមនុស្ស។ លោកក៏នឹងត្រូវបើកកិច្ចប្រជុំជាមួយសមភាគី គឺលោក វ៉ាង យី ផងដែរ៕