(ប៉េកាំង)៖ អ្នកសារព័ត៌មានបានសួរថា ប្រទេសចិនបានប្រកាសពីដំណឹងដែលលោក Patrice Talon ប្រធានាធិបតីបេនីននឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន តើលោកអាចណែនាំអំពីការរៀបចំចាត់ចែង និងការរំពឹងរបស់ចិនទេ? តើភាគីចិនមើលទំនាក់ទំនងចិន-បេនីនយ៉ាងដូចម្តេ?

អ្នកនាំពាក្យបានឆ្លើយតបថា ប្រទេសចិននិងបេនីនមានចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ។ ក្នុងឆ្នាំ ២០២២ ប្រទេសទាំងពីរបានរួមគ្នាអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ ជាង ៥០ ឆ្នាំកន្លងមក ចិននិងបេនីនបានប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងមេត្រីភាពជាប់ជានិច្ច ទំនាក់ទំនងចិន-បេនីនបានក្លាយទៅជាគំរូភាព នៃការដែលប្រទេសកំពុងអភិវឌ្ឍន៍មានសមភាពចំពោះគ្នា គោរពគ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-បេនីនបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ទំនុកចិត្តលើនយោបាយរវាងភាគីទាំងពីរ ត្រូវបានពង្រឹងជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមាន
លទ្ធផលជាផ្លែផ្កា ហើយបានរក្សាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិនិងក្នុងតំបន់។

ក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីបេនីន លោកប្រធានរដ្ឋចិន Xi Jinping នឹងរៀបចំពិធីស្វាគមន៍និងពិធីលៀងសាយភោជន៍ ជូនលោកប្រធានាធិបតី ព្រមទាំងជួបពិភាក្សាជាមួយគ្នា។ លោកប្រធានាធិបតីបេនីនក៏នឹងចូលរួម កិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្មសេវាកម្មសកល នៃពិព័រណ៌សេវាកម្មចិនអន្តរជាតិផងដែរ។ ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបេនីន លើកនេះនឹងបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ឡើងដល់កម្រិតថ្មី៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន