(សេអ៊ូល)៖ សហរដ្ឋអាមេរិកបានចល័តយន្តហោះទម្លាក់គ្រាប់បែក B-1B សម្រាប់ការធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នា ជាមួយប្រទេសកូរ៉េខាងត្បូងនិងជប៉ុន នាថ្ងៃពុធនេះ​ ស្របពេលដែលសម្ព័ន្ធមិត្តទាំង៣ បាននិងកំពុងតែបង្កើនសកម្មភាពឆ្លើយតប ​ចំពោះការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា យន្តហោះ B-1B ១គ្រឿងរបស់អាមេរិក បានហោះអមយន្តហោះចម្បាំង FA-50 របស់កូរ៉េខាងត្បូង និងយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសអាមេរិក ដែលជាផ្នែកនៃសមយុទ្ធយោធា Ulchi Freedom Shield ដែលកំពុងបន្តប្រព្រឹត្តទៅ។ ការហោះហើរបែបនេះគឺជាលើកទី១០ហើយ ដែលធ្វើឡើង​ដោយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ក្នុងឆ្នាំ២០២៣។ ដាច់ដោយឡែកពីគ្នា យន្តហោះអាមេរិក B-1B ចំនួន២គ្រឿង ក៏បានចូលរួមធ្វើសមយុទ្ធជាមួយ យន្តហោះចម្បាំងជប៉ុន ១២គ្រឿង ផងដែរ ក្នុងនោះមាន F-15 ចំនួន៤គ្រឿង បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិជប៉ុន។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង សមយុទ្ធដែលដឹកនាំដោយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក នាថ្ងៃពុធនេះ ស្តែងឱ្យឃើញពីជំហរការពារជាតិយ៉ាងរឹងមាំរួមគ្នា រវាងទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន ក្រោយបរាជ័យជាលើកទី២ នៃការព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្ម របស់ទីក្រុងព្យុងយ៉ាង។ ចំណែក ក្រសួងការពារជាតិជប៉ុនវិញ បាននិយាយថា សមយុទ្ធផ្លូវអាកាសនាថ្ងៃនេះនៅលើសមុទ្រជប៉ុន បានគូសរំលេចពីការត្រៀម​លក្ខណៈជានិច្ច របស់យោធានៃប្រទេសទាំង២ ក្នុងការឆ្លើយតបចំពោះស្ថានការណ៍គ្រប់បែបយ៉ាង ចំពោះមុខការបាញ់តេស្ត​មីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង៕