(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា មនុស្ស ២នាក់ស្លាប់ និងរបួស ២នាក់ក្នុងការវាយប្រហារទ្រង់ទ្រាយធំ ដោយមីស៉ីល និងយន្តហោះដ្រូនរបស់រុស្ស៉ី លើរដ្ឋធានីកៀវនៅថ្ងៃពុធនេះ ហើយកម្ទេចកំទីដែលបំផ្លាញដោយ ប្រព័ន្ធការពារដែនអាកាសបានធ្លាក់ចំអគារជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។

អភិបាលក្រុងកៀវ លោក វីតាលី គ្លីតស្កូ (Vitali Klitschko) បានឲ្យដឹងតាមបណ្តាញ Telegram ថា សាកសពមនុស្ស ២នាក់ត្រូវបានគេរកឃើញក្នុងអគារមិនមែនលំនៅដ្ឋាន។ ប្រធានរដ្ឋយោធារបស់ទីក្រុងកៀវ លោក សឺហ៉ី ប៉ុបកូ (Serhiy Popko) បាននិយាយថា ទីក្រុងកៀវ ខានជួបប្រទះការវាយប្រហារដ៏ខ្លាំងក្លាបែបនេះទេ ចាប់តាំងពីនិទាឃរដូវមក។ សត្រូវ (រុស្ស៉ី) បានបើកការវាយប្រហារដ៏ធំ ដោយប្រើយន្តហោះដ្រូន និងមីស៉ីល។ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏បានឲ្យដឹងដែរថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់មីស៊ីលរុស្ស៉ីទាំង ២៨គ្រាប់ និងយន្តហោះដ្រូន ១៥គ្រឿងក្នុងចំណោម ១៦គ្រឿង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរក្រុងកៀវ អគារជាច្រើនបានរងការខូចខាត ក្នុងនោះមានផ្ទះឯកជនចំនួន ៦ខ្នង ខណៈមនុស្សជាច្រើននាក់រងរបួស៕