(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្ស៤នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតកំពុងបន្ត​បាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះភ្លៀងបានវាយលុកលើតំបន់ភាគនិរតីនៃប្រទេសចិន កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។

ការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លាបានកើតមានលើ ជីនយ៉ាង (Jinyang) ដែលជាស្រុកតំបន់ភ្នំមួយ ស្ថិតក្នុងខេត្តស៉ីឈាន់ (Sichuan) កាលពី​ថ្ងៃទី២១ ខែសីហា។ យ៉ាងណាមិញ ទំហំនៃការខូចខាតដែលបង្កឡើងដោយសារព្យុះភ្លៀងនោះ មិនទាន់ត្រូវបានរាយការណ៍នៅឡើយទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន CCTV គ្រោះទឹកជំនន់បានជន់លិច កន្លែងកែច្នៃដែកថែបមួយកន្លែង ដែលមានមនុស្សសរុបជាង២០០នាក់ ធ្វើការ។ CCTV បានអះអាងថា គិតមកទល់ពេលនេះ ទឺកជំនន់បានសម្លាប់មនុស្ស៤នាក់ និងធ្វើឱ្យ ៤៨នាក់ទៀតបាត់ខ្លួន។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ ប្រទេសចិនបានជួបប្រទះគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ ដែលបង្កឡើងដោយអាកាសធាតុ​អាក្រក់ៗ។ មនុស្សយ៉ាងហោចណាស់ ៧៨នាក់ បានស្លាប់នៅពេលដែលព្យុះទីហ្វុងឈ្មោះ Doksuri បាននាំមកនូវការធ្លាក់ភ្លៀងខ្លាំងបំបែកកំណត់ត្រា នៅពាសពេញភាគខាងជើងប្រទេសចិន កាលពីខែកក្កដា។ ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា បញ្ហាប្រែប្រួលអាកាសធាតុ បាននិងកំពុង​ជំរុញឱ្យគ្រោះធម្មជាតិនៅទូទាំងពិភពលោក​ កើនមានកាន់តែញឹកញាប់និងកាចសាហាវខ្លាំងឡើង៕