(លីប្រឺវីល)៖ ក្រុមមន្រ្តីយោធាជាន់ខ្ពស់នៅក្នុងប្រទេសហ្កាបុង (Gabon) នៃតំបន់អាហ្រ្វិកកណ្តាល បានបង្ហាញខ្លួនតាមទូរទស្សន៍ជាតិ នាថ្ងៃពុធនេះ ហើយប្រកាសថា ពួកគេបានដណ្តើមអំណាចគ្រប់គ្រងប្រទេស បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោត ទើបប្រកាសថា ប្រធានាធិបតីហ្កាបុង លោក អាលី បុងហ្គោ (Ali Bongo) បន្តជាប់ឆ្នោតសម្រាប់អាណត្តិទី៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។

ដោយបង្ហាញវត្តមានតាមរយៈប៉ុស្តិ៍ទូរទស្សន៍ Gabon 24 ក្រុមមន្រ្តីយោធាខាងលើបានអះអាងថា ពួកគេតំណាងឱ្យកងកម្លាំងសន្តិសុខ​និងការពារជាតិទាំងអស់ នៅក្នុងប្រទេសហ្កាបុង។ ពួកគេបានបន្តថា លទ្ធផលនៃការបោះឆ្នោតដែលទើបតែបានប្រព្រឹត្តទៅ កាលពីថ្ងៃសៅរ៍​ចុងសប្តាហ៍មុន គឺត្រូវបានចាត់ទុកជាមោឃៈ ខណៈព្រំប្រទល់ទាំងអស់របស់ប្រទេស ត្រូវបិទរហូតដល់មានការជូនដំណឹងជាថ្មី ហើយស្ថាប័នរដ្ឋនានាត្រូវបាន​រំលាយចោល។

ក្រុមមន្រ្តីយោធាដដែលបាននិយាយយ៉ាងដូច្នេះថា «តាងនាមឱ្យប្រជាជនហ្កាបុងទាំងអស់ យើងបានសម្រេចចិត្តការពារសន្តិភាព តាមរយៈ​ការបិទបញ្ចប់របបដឹកនាំបច្ចុប្បន្ន»។ បើតាមក្រុមអ្នកកាសែតអន្តរជាតិមួយចំនួន ដែលនៅយកការណ៍ក្នុងតំបន់ បានឱ្យដឹងថា មានសំឡេងកាំភ្លើងត្រូវបានលឺ នៅក្នុងរដ្ឋធានីលីប្រឺវីល (Libereville) ក្រោយការចេញមុខប្រកាសតាមកញ្ចក់ទូរទស្សន៍របស់ក្រុមយោធា។ ភ្លាមៗនេះ មិនទាន់មានការចេញមុខអត្ថាធិប្បាយអ្វីពីរដ្ឋាភិបាលហ្កាបុងនៅឡើយទេ។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ភាពតានតឹងគឺស្ថិតក្នុងកម្រិតខ្ពស់ ចំពោះមុខក្តីព្រួយបារម្ភអំពីភាពវឹកវរ ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបានមើលឃើញលោក Bongo ព្យាយាមបន្តរក្សាការកាន់អំណាច ដែលមានរយៈពេលសរុបប្រមាណជា ៥៦ឆ្នាំមកហើយនៃគ្រួសាររបស់លោក ស្របពេលដែលក្រុមប្រឆាំងព្យាយាមប្រឹងប្រែងចង់ឱ្យមានការផ្លាស់ប្តូរ។

ការខ្វះវត្តមាននៃក្រុមអ្នកសង្កេតការណ៍អន្តរជាតិ រួមជាមួយការបិទប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន និងការសម្រេចចិត្តរបស់អាជ្ញាធរក្នុងការផ្តាច់​សេវាអ៉ីនធើណិត ហើយដាក់ចេញបម្រាមគោចរពេលយប់នៅទូទាំងប្រទេស ក្រោយការបោះឆ្នោត បានបង្កឱ្យមានក្តីកង្វល់អំពីតម្លាភាព នៃដំណើរការបោះឆ្នោត នៅក្នុងប្រទេសអាហ្រ្វិកកណ្តាលមួយនេះ៕