(ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ការប្រយុទ្ធគ្នារវាងយោធា និងកងជីវពល នៅក្នុងតំបន់អាមហារ៉ា (Amhara) នៃប្រទេសអេត្យូពី បានសម្លាប់មនុស្សចំនួន ១៨៣នាក់ ដែលជាចំនួនស្លាប់ច្រើនបំផុត មកទល់នឹងពេលនេះក្នុងជម្លោះ អូសបន្លាយពេលជាច្រើនខែមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។

UN បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាង ១,០០០នាក់ត្រូវបានចាប់ឃុំខ្លួនទូទាំងប្រទេស ដោយភាគច្រើននៃពួកគេជាយុវជនដែលមាន ដើមកំណើតក្នុងតំបន់ Amhara នេះតែម្តង ហើយស្ថិតក្រោមភាពអាសន្ន រដ្ឋាភិបាលបានចេញបញ្ជាឲ្យយោធាឆ្លើយតបទៅនឹងអំពើហិង្សានោះ។ ជុំវិញ របាយការណ៍នេះដែរ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អេត្យូពី​ នៅមិនទាន់មានការ​​ឆ្លើយ​តប​នោះទេ។

គួរបញ្ជាក់ថា ជម្លោះត្រូវបានដុតបញ្ឆេះដោយការចោទប្រកាន់ពីសំណាក់អ្នកស្រុក Amhara ដែលជាតំបន់មានប្រជាជនរស់នៅច្រើនបំផុតទី២របស់អេត្យូពី ថារដ្ឋាភិបាលកំពុងព្យាយាមបំផ្លាញសន្តិសុខរបស់ពួកគេ តែរដ្ឋាភិបាលអេត្យូពី​បានបដិសេធ។ កងកម្លាំងរដ្ឋាភិបាល បានដណ្តើមយកមកវិញនូវទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងតំបន់ Amhara កាលពីដើមខែសីហាកន្លងទៅនេះ៕