(អូតាវ៉ា)៖ ក្រុមមន្ត្រីសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កាណាដាបានរកឃើញករណីដំបូងនៃការឆ្លងកូវី១៩បំប្លែងថ្មីប្រភេទ BA.2.86 ដែលវិវត្តចេញពីមេរោគអូមីក្រុង នៅលើមនុស្សម្នាក់នៅក្នុងខេត្ត British Columbia ហើយមិនមានប្រវត្តិធ្វើដំណើរចេញក្រៅខេត្តនេះនោះទេ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីសុខាភិបាលកាណាដា លោក អាន់ឌ្រៀន ឌីច (Adrian Dix) និងវេជ្ជបណ្ឌិតកំពូលប្រចាំខេត្ត British Columbia បានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា គេមិនបានបញ្ជូនបុគ្គលនោះចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យទេ ហើយការរកឃើញករណីឆ្លងមេរោគ BA.2.86 ក៏មិនទាន់ផ្តល់ហានិភ័យអ្វីចំពោះពលរដ្ឋទូទៅក្នុងរដ្ឋ British Columbia នោះដែរ។
គួរបញ្ជាក់ថា កូវីដ១៩បំប្លែងថ្មី BA.2.86 នេះត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសដាណឺម៉ាក កាលពីខែកក្កដា។ វាបានបំប្លែងខ្លួនច្រើនជាង ៣៥ដងនៅក្នុងប្រូតេអ៉ីន Spike បើធៀបនឹងកូវីដ១៩ប្រភេទ XBB.1.5 ដែលគ្រប់ដណ្ដប់លើករណីឆ្លងភាគច្រើនក្នុងឆ្នាំ២០២៣។ សហរដ្ឋអាមេរិក ស្វីស និងអ៉ីស្រាអែល ក៏បានកត់ត្រាករណីនៃកូវីដ១៩ប្រភេទថ្មីនេះដែរ៕