(ញូដេលី)៖ ការសិក្សាស្រាវជ្រាវមួយបានរកឃើញថាការកើនឡើងនៃការបំពុលខ្យល់អាកាស អាចកាត់បន្ថយអាយុសង្ឃឹមរស់រហូតដល់លើស៥ឆ្នាំ របស់ មនុស្សម្នាក់ នៅក្នុងតំបន់អាស៊ីខាងត្បូង ដែលស្ថិតនៅក្នុងចំណោមតំបន់ដែលរងការបំពុលខ្យល់អាកាសខ្លាំងបំផុតនៅលើពិភពលោក។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។

ការសិក្សាស្រាវជ្រាវខាងលើស្ដីពីសន្ទស្សន៍គុណភាពខ្យល់អាកាស ចេញផ្សាយដោយវិទ្យាស្ថានគោលនយោបាយថាមពលនៃសាកលវិទ្យាល័យ Chicago (EPIC) នៅថ្ងៃអង្គារ ទី២៩ ខែសីហានេះ ក៏បានឱ្យដឹងដែរថាតំបន់អាស៊ីខាងត្បូងដែលមានបណ្ដាប្រទេសជាច្រើន រងការបំពុលខ្យល់អាកាស ដូចជា បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន គឺមានអត្រាអ្នកស្លាប់លើសពាក់កណ្ដាលនៃចំនួនប្រជាជនដែលបានស្លាប់ដោយសារការបំពុលខ្យល់អាកាស នៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា បើតាមការសិក្សាខាងលើដដែល ការធ្វើឧស្សាហនីយកម្ម និងការកើនឡើងចំនួនប្រជាជនយ៉ាងឆាប់រហ័ស បានចូលរួមចំណែកធ្វើឱ្យគុណភាព ខ្យល់ក្នុងតំបន់អាស៊ីខាងត្បូងធ្លាក់ចុះដែលបង្កជាហានិភ័យដ៏ធំដល់អាយុសង្ឃឹមរស់របស់ប្រជាជន។ ជាឧទាហរណ៍ ប្រជាជនម្នាក់នៅក្នុងប្រទេស បង់ក្លាដែស អាចនឹងបាត់បង់អាយុសង្ឃឹមរស់ជាមធ្យម ៦.៨ឆ្នាំ ដោយសារតែការបំពុលខ្យល់អាកាស បើធៀបទៅនឹងសហរដ្ឋអាមេរិកដែលការបំពុលខ្យល់ អាកាស កាត់បន្ថយអាយុសង្ឃឹមរស់ត្រឹមតែ ៣.៦ខែប៉ុណ្ណោះ៕