(សៅ ប៉ូឡូ)៖ រុស្ស៉ី បានជូនដំណឹងដល់អាជ្ញាធរស៊ើបអង្កេតអាកាសចរណ៍របស់ប្រទេសប្រេស៊ីលថាខ្លួននឹងមិនធ្វើការស៊ើបអង្កេតលើករណីធ្លាក់ យន្ដហោះម៉ាក Embraer ផលិតដោយប្រេស៊ីល ដែលបានសម្លាប់ថៅកែទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) នៅក្រោមក្របខណ្ឌច្បាប់អន្តរជាតិ ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងបង្ការឧបទ្ទវហេតុផ្លូវអាកាស (CENIPA) នៃប្រទេសប្រេស៊ីល។ លោក ព្រីហ្គោហ្ស៉ីន រួមជាមួយមេបញ្ជាការក្រុមទាហាន​ Wagner ២រូប និងអង្គរក្ស៤នាក់ បានស្ថិតនៅក្នុងចំណោមមនុស្ស១០នាក់ដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះ Embraer Legacy 600 នៅភាគខាងជើងទីក្រុងមូស្គូ កាលពីសប្ដាហ៍មុន។

លោក ព្រីហ្គោហ្ស៉ីន បានស្លាប់តែងជាង ២ខែប៉ុណ្ណោះ បន្ទាប់ពីលោកដឹកនាំការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៉ី ហើយដែលការ បះបោរមិនបានសម្រេចនេះត្រូវបានគេចាត់ទុកថាជាបញ្ហាប្រឈមដ៏ធំបំផុតដល់អំណាចរបស់លោក ពូទីន ចាប់តាំងពីលោកឡើងកាន់អំណាច ក្នុង ឆ្នាំ១៩៩៩មក។ បើតាម Reuters ទីភ្នាក់ងារប្រេស៊ីល CENIPA បាននិយាយថានឹងចូលរួមក្នុងការស៊ើបអង្កេតដឹកនាំដោយរុស្ស៉ី ប្រសិនបើត្រូវបាន អញ្ជើញឱ្យចូលរួម ហើយការស៊ើបអង្កេតនេះធ្វើឡើងក្រោមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្ដារដ្ឋាភិបាលលោកខាងលិចបានដាក់ការសង្ស័យថាវិមានក្រឹមឡាំង គឺជាអ្នកនៅពីក្រោយការធ្លាក់យន្ដហោះ Embraer Legacy 600 ដែលបានសម្លាប់លោក ព្រីហ្គោហ្ស៉ីន កាលពីថ្ងៃទី២៣ ខែសីហា។ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់ តែមិន បានបញ្ជាក់ឱ្យច្បាស់ពីមូលហេតុនៃការធ្លាក់យន្ដហោះនេះនោះទេ ដោយគ្រាន់តែទទួលស្គាល់ថាលោក ព្រីហ្គោហ្ស៉ីន ពិតជាបានស្លាប់ប្រាកដមែន៕