(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានប្រកាសពីផ្ដល់កញ្ចប់ជំនួយយោធាថ្មីមួយ ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងមីស៊ីលបន្ថែមសម្រាប់ប្រព័ន្ធការពារដែនអាកាស គ្រាប់កាំភ្លើងធំ និងរថយន្ដពេទ្យជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊ី្លនខិន (Antony Blinken) បានគូសបញ្ជាក់ថាកញ្ចប់យោធាថ្មីខាងលើក្នុងនោះក៏រួម មានផងដែរ បរិក្ខារដោះគ្រាប់មីន មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស គ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS និងគ្រាប់កាំភ្លើងជាង ៣លានគ្រាប់។

លោក ប្ល៊ីនខិន បានបន្ថែមដូច្នេះថា «សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏ដូចជាប្រទេសជាដៃគូរបស់យើង នឹងឈរប្រកៀកស្មាជាមួយអ៊ុយក្រែន ដរាបណាអ៊ុយក្រែន នៅតែត្រូវការពួកយើង»

គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធាថ្មីខាងលើមានទំហំទឹកប្រាក់ជាង ២៥០លានដុល្លារ ហើយអាវុធ និងបរិក្ខារត្រូវបានផ្ដល់ឱ្យអ៊ុយក្រែន តាមរយៈកញ្ចប់ថវិកាដែល ត្រូវបានអនុម័តពីសភាអាមេរិកនាពេលកន្លងមក៕