(អាថែន)៖ ភ្លើងឆេះព្រៃដ៏ធំមួយ នៅតែឆេះយ៉ាងសន្ធោសន្ធៅ នៅភាគឦសាននៃប្រទេសក្រិកអស់រយៈពេល ១១ ថ្ងៃ នៅត្រឹមថ្ងៃអង្គារនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គីភ័យរាប់រយនាក់ និងយន្តហោះបាញ់ទឹកពីប្រទេសក្រិក និងដៃគូសហភាពអឺរ៉ុបមួយចំនួនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
បន្ទាប់ពីបានឆាបឆេះផ្ទៃដីដ៏ច្រើនសន្ធឹកសន្ធាប់ ភ្លើងនៅតំបន់ Alexandroupolis និង Evros ត្រូវបានប្រមូលផ្តុំយ៉ាងជ្រៅនៅក្នុងព្រៃក្បែរព្រំដែន ជាមួយប្រទេសតួកគី ជាតំបន់ពិបាកទៅដល់។
ភ្លើងឆេះព្រៃដែលបណ្តាលឱ្យមនុស្ស ២០នាក់បានស្លាប់ ដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសក្រិកកាលពីសប្តាហ៍មុន គឺជាចំនួនដ៏ធំបំផុតនៅក្នុងសហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០០មក។
នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា យន្តហោះចំនួន ៦ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ៤គ្រឿង កំពុងជួយអ្នកពន្លត់អគ្គីភ័យចំនួន ៤៧៥ នាក់នៅលើដី ដែលគាំទ្រដោយរថយន្តចំនួន ១០០គ្រឿងបន្ថែមទៀត។ ហើយអ្នកពន្លត់អគ្គីភ័យចំនួន ២៦០ នាក់ និងឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងដ៏ធំមួយទៀត ដែលបានឆេះអស់ជាច្រើនថ្ងៃនៅក្នុងព្រៃមួយ នៅលើជម្រាលភាគខាងត្បូង នៃភ្នំ Parnitha នៅជាយក្រុងនៃរដ្ឋធានីក្រិកផងដែរ។
អាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុ នៃភ្លើងឆេះព្រៃនេះ ដែលពេញមួយសប្តាហ៍មកនេះ បានបំផ្លាញព្រៃឈើយ៉ាងសន្ធោសន្ធៅ ឆេះផ្ទះសម្បែង និងនាំឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់៕