(មូស្គូ)៖ វិមានក្រឹមឡាំងបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនមានគម្រោងចូលរួមពិធីបុណ្យសពរបស់មេបញ្ជាការទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ដែលបានស្លាប់នៅពេលយន្តហោះរបស់គាត់ធ្លាក់កាលពីសប្តាហ៍មុននេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

នៅពេលសួរ ថាតើលោក ពូទីន នឹងចូលរួមពិធីបុណ្យសពរបស់ លោក Prigozhin ដែរឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា «វត្តមានរបស់ប្រធានាធិបតីគឺមិនត្រូវបានរំពឹងទុកទេ»។

លោក Peskov បាននិយាយទៀតថា វិមានក្រឹមឡាំងមិនមានព័ត៌មានជាក់លាក់ណាមួយ អំពីផែនការពិធីបុណ្យសពទេ ហើយការរៀបចំនោះត្រូវបានទុកឲ្យសាច់ញាតិចាត់ចែង។

គួរបញ្ជាក់ថា មួយថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះ លោកពូទីនបានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារនៃអ្នកស្លាប់ ហើយបាននិយាយថា គាត់បានស្គាល់ Prigozhin យូរណាស់មកហើយ ចាប់តាំងពីឆ្នាំដ៏វឹកវរនៅដើមទសវត្សរ៍ឆ្នាំ១៩៩០។

បើតាមក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៉ី យន្ដហោះឯកជន Embraer Legacy បានធ្វើដំណើរចាកចេញពី ទីក្រុងមូស្គូ ទៅកាន់ទីក្រុង Saint Petersburg ហើយបានធ្លាក់នៅក្បែរភូមិ Kuzhenkino នៃតំបន់ Tver ស្ថិតនៅប្រហែល៣០០គីឡូម៉ែត្រពីរដ្ឋធានីមូស្គូ។ ហេតុការណ៍ធ្លាក់យន្ដហោះនេះ កើតមានឡើងតែជាង២ខែប៉ុណ្ណោះ បន្ទាប់ពីលោក Prigozhin ដឹកនាំការបះបោររយៈពេលខ្លីមួយប្រឆាំងនឹងមេដឹកនាំយោធារុស្ស៉ី កាលពីខែមិថុនាកន្លងទៅ៕