(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានប្រាប់នាយករដ្ឋមន្ត្រីចិន លោក Li Qiang ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) ថា សហរដ្ឋអាមេរិកចង់ធ្វើការជាមួយប្រទេសចិន ដើម្បីដោះស្រាយបញ្ហានានា ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣។

លោកស្រី Raimondo គឺជាមន្ត្រីរដ្ឋបាល លោក Biden ចុងក្រោយបង្អស់ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនង ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ចំពេលមានការព្រួយបារម្ភថា ការប៉ះទង្គិចរវាងមហាអំណាចទាំងពីរអាចនឹងផ្ទុះឡើង។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិករូបនេះដូច្នេះថា «មានផ្នែកផ្សេងទៀត នៃការព្រួយបារម្ភជាសកល ដូចជាការប្រែប្រួលអាកាសធាតុ បញ្ញាសិប្បនិម្មិត វិបត្តិ fentanyl ហើយយើងចង់ធ្វើការជាមួយអ្នកជាមហាអំណាចពិភពលោកទីពីរ ដើម្បីធ្វើរឿងត្រឹមត្រូវសម្រាប់មនុស្សជាតិទាំងអស់»

លោកស្រីបានប្រាប់ លោក Li ថាទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មល្អ នឹងផ្តល់ផលប្រយោជន៍មិនត្រឹមតែប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូលផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់គ្នាទៅវិញទៅមក ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បច្ចុប្បន្ននេះចាប់ផ្តើមធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយប្រទេសជិតខាងរបស់ខ្លួន ដូចជាកាណាដា និងម៉ិកស៊ិក ខណៈដែលទីក្រុងប៉េកាំងក៏បង្កើនការធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ៕