(អ៉ីស្លាម៉ាបាដ)៖ តុលាការជាន់ខ្ពស់នៃប្រទេសប៉ាគីស្ថាន នាថ្ងៃអង្គារនេះ បានសម្រេចព្យួរទោសអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) ដែលត្រូវជាប់ពន្ធនាគារក្នុងសំណុំរឿងអំពើពុករលួយ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេ រូបលោកនឹងត្រូវដោះលែងភ្លាមៗឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យគណបក្សនយោបាយរបស់លោក ខាន់ បាននិយាយថា តុលាការជាន់ខ្ពស់នៃទីក្រុងអ៉ីស្លាម៉ាបាដ បានលុបចោលការសម្រេចចិត្ត​របស់តុលាការជាន់ទាប ដែលនៅក្នុងខែសីហានេះ បានផ្តន្ទាទោសដាក់ពន្ធនាគារលោកអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន សម្រាប់រយៈពេល៣ឆ្នាំ។ ការសម្រេចនោះ ក៏រារាំងរូបលោកមិនឱ្យអាចចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតសកល នាពេលខាងមុខផងដែរ។

ក្រុមមេធាវីរបស់លោក បាននិយាយថា លោក ខាន់ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ប៉ុន្តែទោះជាបែបនេះក្តី ពួកគេបារម្ភថា រូបលោក​អាចនឹងត្រូវអាជ្ញាធរចាប់ខ្លួនសាជាថ្មី ពាក់ព័ន្ធនឹងករណីមួយផ្សេងទៀត ក្នុងចំណោមសំណុំរឿងសរុបដល់ទៅជាង២០០ ដែលត្រូវបានដាក់​ប្រឆាំងមកលើរូបលោក គិតចាប់តាំងតែពីលោកត្រូវបាន​សភាបោះឆ្នោតទម្លាក់ចេញពីអំណាច កាលពីខែមេសា ឆ្នាំ២០២២។

មេធាវីម្នាក់របស់លោក ខាន់ បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងបានដាក់សំណើដាច់ដោយឡែកមួយ ដែលទាមទារឱ្យតុលាការជាន់ខ្ពស់ ចេញដីកាមួយ ហាមឃាត់មិនឱ្យអាជ្ញាធរប៉ាគីស្ថាន អាចចាប់ខ្លួនលោក ខាន់ ក្នុងសំណុំរឿងផ្សេងទៀតឡើយ ហើយប្រសិនបើអាជ្ញាធរ​នៅចចេសចាប់ខ្លួនលោក ពាក់ព័ន្ធសំណុំរឿងផ្សេងទៀតនោះ វានឹងជាទង្វើរំលោភសិទ្ធិស្របច្បាប់របស់លោកមិនខាន»