(ឌូបៃ)៖ សេចក្តីថ្លែងការណ៍យោធាមួយ បានឲ្យដឹងថា មេទ័ពស៊ូដង់ លោកឧត្តមសេនីយ អាប់ដែល ហ្វាតតាហ៍ អាល់ បួរហាន់ (Abdel Fattah al-Burhan) បានទៅដល់ទីក្រុងឆ្នេរសមុទ្រអ៉ីល អាអាមីន (El Alamein) របស់អេហ្ស៉ីបនៅថ្ងៃអង្គារនេះ ដើម្បីជួបប្រធានាធិបតី លោក អាប់ដែល ហ្វាតតា អាល់ស៉ីស៉ី (Abdel Fattah al-Sisi)។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

នេះជាលើកដំបូងហើយដែលលោក បួរហាន់ ចេញក្រៅប្រទេសស៊ូដង់ គិតចាប់តាំងពីមានជម្លោះដណ្តើមអំណាច ជាមួយកងកម្លាំងទាហានប៉ារ៉ា (RSF) កាលពីថ្ងៃទី១៥ ខែមេសា។ អេហ្ស៉ីប បានផ្តល់យោបល់ឲ្យមានការសម្រុះសម្រួលគ្នារវាងភាគីជម្លោះ ដែលជាកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីទប់ស្កាត់ការអូសបន្លាយសង្គ្រាមស៉ីវិល និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាទៅកាន់ក្រុមទាហានប៉ារ៉ា កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក បួរហាន់ បានបង្ហាញនូវក្តីសង្ឃឹម ក្នុងកិច្ចពិភាក្សាជាមួយអេហ្ស៉ីប ដោយហៅគូជម្លោះរបស់ខ្លួនថាជា «ជនក្បត់» និងប្តេជ្ញាយកជ័យជម្នះ៕