(តូក្យូ)៖ ឧត្តមសេនីយកំពូលមួយរូបរបស់ជប៉ុន បាននិយាយថា បច្ចុប្បន្ន ទីក្រុងតូក្យូ ត្រូវការពឹងផ្អែកលើអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកសម្រាប់ «ការទប់ស្កាត់» ប្រឆាំងនឹងគូប្រជែងនៅក្នុងតំបន់។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍ជាមួយ Nikkei លោកឧត្តមសេនីយ៍ យ៉ូស៉ិហ៉ីដា យ៉ូស៉ិដា (Yoshihide Yoshida) ប្រធានកងកម្លាំងស្វ័យការពារជប៉ុន បានបញ្ជាក់ថា «យើងមិនអាចរក្សាសន្តិសុខរបស់ប្រទេស ដោយប្រើសមត្ថភាពបច្ចុប្បន្នរបស់យើង បាននោះទេ»

លោក យ៉ូស៉ិដា បានបន្ថែមថា «យើងត្រូវពង្រឹងសមត្ថភាពការពារជាមូលដ្ឋាន ដើម្បីកុំឲ្យគេយើងមើលស្រាល ហើយធ្វើអ្វីដែលធ្វើបានដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់បន្ថែម ដែលរួមបញ្ចូលទាំងយុទ្ធសាស្រ្តពាក់ព័ន្ធនឹង អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា ជប៉ុន គឺជាប្រទេសតែមួយគត់ក្នុងប្រវត្តិសាស្ត្រ ដែលធ្លាប់រងការវាយប្រហារដោយ គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក អំឡុងឆ្នាំ១៩៤៥។ ដោយស្ថិតនៅជួរមុខនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រធានកងកម្លាំងស្វ័យការពារជប៉ុនបញ្ជាក់ថា ទីក្រុងតូក្យូ នឹងជំរុញការគាំទ្រជាសាធារណលើការបង្កើនការចំណាយផ្នែកយោធា៕