(បាងកក)៖ កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ នៅថ្ងៃអង្គារនេះ បាននិយាយថា អ្នកនាងមិនទាន់បានឃើញ ឯកសារណាមួយពាក់ព័ន្ធ សំណើសុំការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រថៃ សម្រាប់ឪពុករបស់ខ្លួននៅឡើយទេ ហើយអ្នកនាងបានបន្ថែមថា ដំណើរការបែបនោះត្រូវប្រើពេលវេលាយូរ ហើយវាក៏អាស្រ័យតែទៅលើឪពុកអ្នកនាងផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។
កូនស្រីលោក ថាក់ស៉ីន គឺអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត់ ដែលជាសមាជិកជាន់ខ្ពស់ម្នាក់នៃគណបក្សភឿថៃ ដែលបច្ចុប្បន្នកំពុងដឹកនាំរដ្ឋាភិបាលថ្មីនៃប្រទេសថៃ មិនបាននិយាយទទួលស្គាល់ចំៗឡើយថា នឹងមានការស្នើសុំលើកលែងទោសពីព្រះមហាក្សត្រថៃ សម្រាប់ឪពុករបស់អ្នកនាង ដែលទើបតែត្រឡប់ចូលស្រុកវិញកាលពីសប្តាហ៍មុន ក្រោយការរស់នៅដោយនិរទេសខ្លួន ចាប់តាំងតែពីឆ្នាំ២០០៨មក។
គួរបញ្ជាក់ថា ភ្លាមៗក្រោយពេលមកប្រទេសថៃវិញ លោក ថាក់ស៉ីន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពាក់ព័ន្ធនឹងការរំលោភអំណាច និងទំនាស់ផលប្រយោជន៍ អំលុងពេលលោកកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីចន្លោះឆ្នាំ២០០១-២០០៦។ បច្ចុប្បន្ន លោកកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ស្របពេលដែលអ្នកនាង ផែថោងថាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកនាងបារម្ភអំពីស្ថានភាពបេះដូងរបស់លោក៕