(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានបង្ហាញចេញនូវ ជំនួយហិរញ្ញវត្ថុទំហំ៥២០ពាន់លានវ៉ុន ឬស្មើនឹង៣៩៤លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែននៅឆ្នាំ២០២៤ ខណៈវាគឺជាកំណើនដល់ទៅ៨ដង បើធៀបនឹងជំនួយឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

យោងតាមកញ្ចប់ថវិកាឆ្នាំ២០២៤ របស់កូរ៉េខាងត្បូង កញ្ចប់ជំនួយហិរញ្ញវត្ថុខាងលើ រួមមានថវិកា១៣០ពាន់លានវ៉ុន (៩៨លានដុល្លារ) សម្រាប់កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ, ២៦០ពាន់លានវ៉ុន (២០០លានដុល្លារ) សម្រាប់ជំនួយមនុស្សធម៌ និង១៣០ពាន់លានវ៉ុនទៀត តាមរយៈ​អង្គការអន្តរជាតិផ្សេងៗ។ កាលពីខែកក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រកាសថា ប្រទេសរបស់លោកនឹងផ្តល់​ជំនួយជាសម្ភារយោធាក្នុងទ្រង់ទ្រាយធំដល់អ៊ុយក្រែន នៅឆ្នាំ២០២៣នេះ ប៉ុន្តែលោកមិនបានផ្តល់ខ្លឹមសារលម្អិតទេ។

គួរបញ្ជាក់ថា ក្នុងថ្ងៃអង្គារដដែលនេះ លោក យូន ក៏បានប្រកាសផងដែរ អំពីការកើនឡើងនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសកូរ៉េខាងត្បូង សម្រាប់តំបន់យុទ្ធសាស្រ្តសំខាន់ៗ រួមមានទាំងតំបន់អាស៉ី-ប៉ាស៉ីហ្វិក និងអាហ្រ្វិក គឺពីទំហំ១.៤ទ្រីលានវ៉ុន (១.១ពាន់លានដុល្លារ) កើនដល់២ទ្រីលានវ៉ុន (១.៥១ពាន់លានដុល្លារ)៕