(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស គឺលោក ជែម ក្លេវើលី (James Cleverly) នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នៅថ្ងៃទី៣០ ខែសីហា។ ​នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានប្រាប់ថា លោក Cleverly នឹងធ្វើទស្សនកិច្ចផ្លូវការមួយ មកកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ បើតាមអ្នកនាំពាក្យរូបនោះ ភាគីទាំងពីរនឹងដោះដូរ​ទស្សនៈគ្នាយ៉ាងស៉ីជម្រៅ ជុំវិញបញ្ហាពាក់ព័ន្ធនានា។

គួរបញ្ជាក់ថា វានឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខការទូតអង់គ្លេស មកកាន់ទីក្រុងប៉េកាំង គិតចាប់តាំងឆ្នាំ២០១៨មក នៅពេល​លោក ចេរេមី ហាន់ (Jeremy Hunt) ដែលជារដ្ឋមន្រ្តីការបរទេសអង់គ្លេស នាពេលនោះ បានបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន។ យ៉ាងណាមិញ ពិភពលោកក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រែប្រួលផ្លាស់ប្តូរខ្លាំងក្នុងរយៈពេល៥ឆ្នាំមកនេះ ដោយភាពតានតឹង​បានកើនឡើងជុំវិញបញ្ហាជាច្រើន ដូចជាហុងកុង ទំនាក់ទំនងចិនជាមួយរុស្ស៉ី ចំណងទាក់ទងផ្នែកសន្តិសុខយ៉ាងជិតស្និទ្ធរបស់អង់គ្លេស​ជាមួយសហរដ្ឋអាមេរិក ហើយនិងការកើនឡើងឥទ្ធិពលជារួមរបស់ចិន៕