(ស្លូវេនី)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឈែល (Charles Michel) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់ នៅត្រឹមឆ្នាំ២០៣០ សម្រាប់ការទទួលយករដ្ឋជាសមាជិកថ្មីៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

ថ្លែងក្នុងវេទិកាមួយនៅឯប្រទេសស្លូវេនី លោក មីឈែល បានលើកឡើងយ៉ាងដូច្នេះថា «បើតាមការជឿជាក់របស់ខ្ញុំផ្ទាល់ គឺពួកយើងត្រូវតែ​ត្រៀមខ្លួនឱ្យបានរួចរាល់ នៅត្រឹមឆ្នាំ២០៣០ ដើម្បីពង្រីកសមាជិកបន្ថែម។ គោលដៅនេះគឺជាមហិច្ឆតាធំមួយ ប៉ុន្តែវាជារឿងដែលចាំបាច់។ វាបង្ហាញឱ្យឃើញថា ពួកយើងមានភាពប្រាកដប្រជាច្បាស់លាស់»

បច្ចុប្បន្នប្រទេសនៅតំបន់បាល់កង់ខាងលិចចំនួន៦ រួមមានអាល់បានី បូស្នី កូសូវ៉ូ ម៉ុងតេណេហ្គ្រោ ម៉ាសេដ្វានខាងជើង និងស៊ែប៊ី គឺកំពុង​ស្ថិតនៅដំណាក់កាលខុសៗគ្នា នៃដំណើរការចូលជាសមាជិករបស់សហភាពអឺរ៉ុប។ កាលពីឆ្នាំ២០២២ ម៉ុលដាវីនិងអ៊ុយក្រែន ក៏ទទួលបាននូវ​ឋានៈជាបេក្ខភាពសមាជិក EU ផងដែរ ខណៈហ៊្សកហ្ស៉ីកំពុងរង់ចាំទទួលបានឋានៈនោះដូចគ្នា។

លោក មីឈែល បាននិយាយថា ដើម្បីអាចចូលជាសមាជិក EU បណ្តាអនាគតរដ្ឋជាសមាជិក ត្រូវតែអនុវត្តការធ្វើកំណែទម្រង់ផ្សេងៗ ដើម្បីធានានូវប្រព័ន្ធយុត្តិធម៌ដែលមានឯករាជ្យ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិងអំពើពុករលួយជាប្រព័ន្ធ ហើយតម្រែតម្រង់គោលនយោបាយ​ការបរទេសរបស់ពួកគេ ឱ្យស្របគ្នាជាមួយបណ្តារដ្ឋជាសមាជិករបស់ EU។ ជាមួយគ្នានេះ លោកក៏បានទទូចឱ្យប្រទេសដែលចង់ក្លាយ​ជាសមាជិក ដោះស្រាយឱ្យដាច់ស្រេចនូវជម្លោះទ្វេភាគីទាំងឡាយ មុនចូលរួមក្នុង EU ផងដែរ។

គួរបញ្ជាក់ថា សព្វថ្ងៃ សហភាពអឺរ៉ុបមានរដ្ឋសមាជិកចំនួន២៧ រួមមានអូទ្រីស បែលហ្ស៉ិក ប៊ុលហ្ការី ក្រូអាស៉ី ស៉ីប សាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អៀរឡង់ អ៉ីតាលី ឡេតូនី លីទុយអានី លុចសំបួ ម៉ាល់ត៍ ហូឡង់ ប៉ូឡូញ ព័រទុយហ្កាល់ រ៉ូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស៉្បាញ និងស៊ុយអែត៕