(វ៉ាសូវី)៖ រដ្ឋមន្រ្តីមហាផ្ទៃប៉ូឡូញ លោក ​ម៉ារីអ៊ូស កាមីនស្គី (Mariusz Kaminski) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប៉ូឡូញ ក៏ដូចជាប្រទេសក្នុងតំបន់បាល់ទិក ផ្សេងទៀត នឹងបិទព្រំដែនរបស់ខ្លួនទាំងស្រុងជាមួយបេឡារុស ប្រសិនបើមានឧបទ្ទវហេតុធ្ងន់ធ្ងរណាមួយកើតចេញពីវត្តមានរបស់ក្រុមទាហានស៉ីឈ្នួល Wagner។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

លោក​ កាមីនស្គី បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីលីទុយអានី ឡេតូនី និងអេស្តូនី យ៉ាងដូច្នេះថា «យើងទាមទារដល់អាជ្ញាធរទីក្រុងមីនស្ក៍ (Minsk) ប្រាប់ក្រុម Wagner ឲ្យចាកចេញពីទឹកដីបេឡារុសជាបន្ទាន់ ហើយជនចំណាកស្រុកខុសច្បាប់ក៏ត្រូវចាកចេញពីតំបន់ព្រំដែនភ្លាមៗដែរ ឬបញ្ជូនត្រឡប់ទៅប្រទេសកំណើត របស់ពួកគេវិញ»

លោក កាមីនស្គី បានបន្ថែមថា «ប្រសិនបើមានឧបទ្ទវហេតុធ្ងន់ធ្ងរណាមួយកើតឡើង មិនថានៅក្នុងព្រំដែនប៉ូឡូញ ឬលីទុយអានីនោះទេ យើងនឹងសងសឹកវិញភ្លាមៗ ហើយច្រកព្រំដែនទាំងអស់នឹងត្រូវបិទផងដែរ»

គួរបញ្ជាក់ថា សមាជិក EU និង NATO ដូចជា ឡេតូនី លីទុយអានី និងប៉ូឡូញ កំពុងព្រួយបារម្ភអំពីកើនឡើងនូវការគំរាមកំហែងសន្តិសុខ ចាប់តាំងពីក្រុមទាហានស៊ីឈ្នួល រុស្ស៉ី Wagner បានមកដល់ទឹកដីបេឡារុស។ នៅឆ្នាំ២០២៣នេះ ប៉ូឡូញបានបិទច្រកព្រំដែនទាំងអស់រួចហើយ នៅសល់តែច្រកឆ្លងកាត់មួយប៉ុណ្ណោះ បន្ទាប់ពីមានការចាប់ អ្នកកាសែតដើមកំណើតប៉ូឡូញដាក់ពន្ធនាគារ និងការបណ្តេញអ្នកការទូតប៉ូឡូញចេញពីបេឡារុស៕