(បាកដាដ)៖ អ៉ីរ៉ាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានកាត់ទោសប្រហារជីវិតដោយព្យួរកមនុស្ស ៣នាក់ដែលត្រូវបានផ្ដន្ទាទោស ជុំវិញការវាយប្រហារបំផ្ទុះគ្រាប់បែកមួយ កាលពីឆ្នាំ២០១៦ ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៣០០នាក់ នៅក្នុងសង្កាត់ទីប្រជុំមួយនៃរដ្ឋធានីបាកដាដ និងត្រូវបានអះអាងទទួលខុសត្រូវដោយក្រុម ISIS។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើ គឺស្ថិតនៅក្នុងចំណោមការវាយប្រហារបំផ្ទុះគ្រាប់បែកដែលបានផ្ដាច់ជីវិតមនុស្សច្រើនបំផុតនៅលើពិភពកលោក បន្ទាប់ពី ការវាយប្រហារភេរវកម្មលើសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ បើតាមក្រុមមន្ត្រីអ៉ីរ៉ាក់ ការវាយប្រហារបំផ្ទុះគ្រាប់បែកបង្កៃលើរថយន្ដ ក្នុងសង្កាត់ ទីប្រជុំជនការ៉ាដា (Karrada) នៃរដ្ឋធានីបាកដាដ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ បានសម្លាប់មនុស្ស ៣២៣នាក់។

នៅអំឡុងជំនួបមួយ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក មហាំម៉ាត់ ស៊ីយ៉ា អាល់ស៊ូដានី (Mohammed Shia al-Sudani) បានប្រាប់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះថា ការផ្តន្ទាទោសប្រហារជីវិតដ៏ត្រឹមត្រូវ ត្រូវបានអនុវត្តប្រឆាំងនឹងឧក្រិដ្ឋជនសំខាន់ចំនួន៣រូប ដែលត្រូវបានតុលាការរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ភេរវកម្មបំផ្ទុះគ្រាប់បែក»។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ មិនបានបញ្ជាក់លម្អិតពីឈ្មោះអ្នកទោសដែលត្រូវបានប្រហារជីវិតខាងលើនោះទេ ហើយក៏ មិនបានប្រាប់ឱ្យដឹងច្បាស់ពីកាលបរិច្ឆេទនៃការផ្តន្ទាទោសអ្នកទាំងនេះនោះដែរ ដោយគ្រាន់តែឱ្យដឹងថាការប្រហារជីវិតធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅនេះ៕