(សេអ៊ូល)៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នា នៅក្នុងដែនទឹកនៃតំបន់ឧបទ្វីបកូរ៉េ នៅថ្ងៃអង្គារ ទី២៩ ខែសីហានេះ ខណៈកូរ៉េខាងជើងចោទប្រកាន់ថាទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក កំពុងបង្កអស្ថិរភាពធ្ងន់ធ្ងរដែលអាចបង្កជា គ្រោះថ្នាក់នៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមយោធាកូរ៉េខាងត្បូង ប្រទេសជាសម្ព័ន្ធមិត្តទាំង៣ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធានៅឯដែនទឹកអន្តរជាតិនៃកោះចេជូ (Jeju) នៃភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពចាប់សញ្ញា និងកំណត់គោលដៅ ព្រមទាំងការចែករំលែកព័ត៌មាននៅក្នុងករណីមានការបង្ក ហេតុណាមួយពីសំណាក់ទីក្រុងព្យុងយ៉ាង។
សមយុទ្ធយោធានេះទៀតសោត កើតមានឡើងចំពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពាវនាវឱ្យក្រុមមន្ត្រីរបស់លោកធ្វើទំនើបកម្មអាវុធ និងបរិក្ខារនៃកងទ័ពជើងទឹករបស់កូរ៉េខាងជើង។ នៅក្នុងសុន្ទរកថាមួយនាឱកាសប្រារព្ធទិវាកងទ័ពជើងទឹក លោក គីម ជុងអ៊ុន បានហៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនជា «ក្រុមបងធំជនអន្ធពាល» សម្រាប់ការប្រកាសធ្វើសមយុទ្ធយោធារួមគ្នាជាប្រចាំដែលលោក គីម ទំនងជាចង់សំដៅកិច្ចប្រជុំ កំពូលនៃមេដឹកនាំប្រទេសទាំង៣ នៅឯបន្ទាយយោធា Camp David នៃរដ្ឋ Maryland កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ។
តាមរយៈការដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែសកម្មភាព ប្រឈមមុខដាក់គ្នាយ៉ាងគឃ្លើនរបស់សហរដ្ឋអាមេរិក និងកម្លាំងអរិភាពដទៃទៀត តំបន់ដែនទឹកនៃឧបទ្វីបកូរ៉េកំពុងប្រែក្លាយបន្តិចម្តងៗទៅជាកន្លែង ប្រមូលផ្ដុំនៃបរិក្ខារសង្រ្គាមដ៏ធំបំផុតមួយនៅលើពិភពលោក ព្រមទាំងក្លាយទៅជាតំបន់ដែនទឹកដ៏អស្ថិរភាពបំផុតជាមួយគ្រោះថ្នាក់នៃការផ្ទុះសង្រ្គាម នុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំត្រីភាគីនៅឯបន្ទាយយោធា Camp David មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាលើការពង្រឹង កិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ខណៈកំពុងព្យាយាមបង្ហាញពីសាមគ្គីភាពប្រឈមមុខនឹងការកើនឡើងឥទ្ធិពលចិន និងអ្វី ដែលពួកគេហៅថាជាការកើនឡើងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង៕