(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអះអាងថាកងទ័ពរបស់ខ្លួនវាយរំដោះបានភូមិ រ៉ូប៉ូទីន (Robotyne) ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស ហើយ កំពុងបន្តព្យាយាមវាយរុលទៅមុខឆ្ពោះទៅទិសខាងត្បូង នៅក្នុងប្រតិបត្តិការវាយបកអស់រយៈពេលជាង២ខែមកនេះ ដើម្បីបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដី របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

បើតាមយោធាអ៊ុយក្រែន កងកម្លាំងរបស់ខ្លួនកាលពីសប្ដាហ៍មុន បានដោតទង់ជាតិនៅក្នុងភូមិយុទ្ធសាស្ត្រ រ៉ូប៉ូទីន (Robotyne) និងបានបង្ហោះជាវីដេអូនៅលើ បណ្ដាញទំនាក់ទំនងសង្គមបង្ហាញពីសកម្មភាពដោតទង់ជាតិនេះផងដែរ។ បន្ទាប់ពីនោះ កងកម្លាំងអ៊ុយក្រែនបានបើកប្រតិបត្តិការបោសសម្អាតសត្រូវ នៅសេសសល់ រហូតទាល់តែពួកគេទទួលស្គាល់ជាផ្លូវការពីការគ្រប់គ្រង និងរំដោះបានភូមិនេះបានទាំងស្រុងនៅថ្ងៃចន្ទសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ភូមិ រ៉ូប៉ូទីន (Robotyne) មានទីតាំងស្ថិតនៅចម្ងាយ ១០គីឡូម៉ែត្រពីភាគខាងត្បូងនៃសមរភូមិទីក្រុង អូរីកៀវ (Orikhiv) ស្ថិតនៅក្នុងតំបន់ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) និងជាផ្លូវមួយដ៏សំខាន់ឆ្ពោះទៅកាន់ទីក្រុង Tokmak ដែលកំពុងស្ថិតនៅក្រោមកាន់កាប់ពីកងទ័ពរុស្ស៉ី៕