(ហ្សាការតា)៖ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអឺរ៉ុប-​ម៉េឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថាគ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.០រ៉ិចទ័របានវាយប្រហារ ក្នុងជម្រៅយ៉ាងជ្រៅនៅក្នុងសមុទ្រខាងជើងនៃកោះបាលី និងកោះលុមប៊ុក (Lombok) នៃប្រទេសឥណ្ឌូណេស៊ី ព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាម EMSC គ្រោះរញ្ជួយដីខាងលើមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ ២០៣គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុង ម៉ាតារ៉ុំា (Mataram) និងមាន ជម្រៅ៥១៦គីឡូម៉ែត្រទៅក្រោមផ្ទៃផែនដី។ ទីភ្នាក់ងារតាមគ្រោះរញ្ជួយដីឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ដំបូងឡើយបានរាយការណ៍ដែរថា គ្រោះរញ្ជួយដីខាងលើមានកម្រិតរញ្ជួយ ៧.១ រ៉ិចទ័រ ដែលបណ្ដាលឱ្យមនុស្សម្នានាំគ្នារត់ចេញពីអគារ និងផ្ទះសម្បែង។ ប៉ុន្តែមិនមានការប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិឡើយ។

គួរបញ្ជាក់ថា ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតដែលបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់នេះនោះទេ៕