(ប៉េកាំង)៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើនិស្សិតរបស់ខ្លួន ដែលរស់នៅក្នុងប្រទេសអាមេរិកក្រោមហេតុផលសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយកាលពីថ្ងៃសុក្រថា «សហរដ្ឋអាមេរិកបានឃុំខ្លួន សួរចម្លើយ និងនិរទេសនិស្សិតចិនដោយគ្មានហេតុផល និងប្រឌិតការចោទប្រកាន់ប្រឆាំងនឹងពួកគេ»។
លោក Wang បានធ្វើការកត់សម្គាល់បែបនេះ នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា FBI ថ្មីៗនេះបានលួចព័ត៌មានផ្ទាល់ខ្លួនរបស់និស្សិតចិនម្នាក់ ពីឯកសារកម្មវិធីសិក្សារបស់គាត់ ហើយបានចាប់ខ្លួនគាត់ និងចោទប្រកាន់គាត់ពីបទ «ក្លែងបន្លំទិដ្ឋាការ»។ និស្សិតចិនចំនួនបីនាក់ក៏ត្រូវបានឃុំខ្លួន សួរចម្លើយ និងនិរទេសដោយគយ និងឆ្មាំការពារព្រំដែនអាមេរិកដោយគ្មានភស្តុតាង ឬមូលដ្ឋានត្រឹមត្រូវផងដែរ។
លោកបានបន្ថែមថា ការផ្លាស់ប្តូរផ្នែកសិក្សាអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាផ្នែកមួយដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីអាមេរិកតែងតែអះអាងថា គាំទ្រដល់ការផ្លាស់ប្តូរការអប់រំ និងប្រជាជនរវាងប្រទេសទាំងពីរ និងស្វាគមន៍និស្សិតចិន ប៉ុន្តែតាមពិត វានៅតែបន្តការអនុវត្តការរឹតត្បិតបែបរើសអើង និងពង្រីកគំនិតសន្តិសុខជាតិជ្រុលហួសហេតុ។
លោក Wang បាននិយាយដូច្នេះថា «នេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់និស្សិតចិន និងធ្វើឱ្យខូចដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនធម្មតា និងកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរ»។
លោក Wang បានបន្តទៀតថា «យើងជំរុញឱ្យសហរដ្ឋអាមេរិកស្វាគមន៍ ដោយស្មោះស្ម័គ្រចំពោះនិស្សិតចិនដូចដែលខ្លួនបាននិយាយ ដែលមិនលំអៀង និងរើសអើង ហើយបញ្ឈប់ធ្វើទុក្ខបុកម្នេញនិស្សិតចិននៅសហរដ្ឋអាមេរិកក្នុងនាមសន្តិសុខជាតិ»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ប្រទេសចិននឹងបន្តចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន និងក្រើនរំលឹកដល់និស្សិតរបស់ខ្លួន ដែលទៅសហរដ្ឋអាមេរិក ឱ្យប្រុងប្រយ័ត្នចំពោះហានិភ័យបែបនេះ៕