(ប៉េកាំង)៖ ប្រទេសចិន និងប៉ាគីស្ថាន បានបើកសមយុទ្ធកងទ័ពអាកាសរួមគ្នានៅថ្ងៃចន្ទនេះនៅក្នុងទឹកដីចិន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល រវាងយោធាទាំងពីរ និងធ្វើឱ្យការផ្លាស់ប្តូរនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យបច្ចេកវិទ្យាយោធា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។
សមយុទ្ធដែលត្រូវបានគេដាក់ឈ្មោះថា Shaheen (Eagle) - X គឺជាការហ្វឹកហ្វឺនរួមគ្នាលើកទី១០ ហើយរបស់កងកម្លាំងទ័ពអាកាសចិន និងប៉ាគីស្ថាន។ សមយុទ្ធនេះនឹងផ្តោតលើសេណារីយ៉ូប្រយុទ្ធធម្មតា ដូចជាការការពារដែនអាកាសរួមគ្នា និងការប្រឈមមុខដាក់គ្នា។
ភាគីទាំងពីរនឹងបញ្ជូនយន្តហោះចម្បាំង យន្តហោះព្រមានទុកជាមុន និងយន្តហោះជាច្រើនប្រភេទទៀត បន្ថែមពីលើកងកម្លាំងជើងគោក ដូចជា កាំជ្រួចពីដីទៅអាកាស និងប្រព័ន្ធរ៉ាដាដើម្បីចូលរួមក្នុងសមយុទ្ធនេះ។ អង្គភាពអាកាសចរណ៍កងទ័ពជើងទឹកចិន ក៏នឹងចូលរួមក្នុងសមយុទ្ធនេះដែរ។
គួរបញ្ជាក់ថា សមយុទ្ធផ្លូវអាកាស ដែលហៅថា Shaheen (Eagle) - X រវាងកងទ័ពអាកាសចិន និងប៉ាគីស្ថានបានចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០១១ មកម្លេះ៕