(ប៉ារីស)៖ រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសបារាំង បាននិយាយនៅមុនរដូវកាលចូលរៀនរបស់ប្រទេសបារាំងថា ប្រទេសបារាំងនឹងហាមប្រាមកុមារី មិនឱ្យស្លៀកសម្លៀកបំពាក់ Abaya ដែលជាអាវរលុងវែងរបស់ស្ត្រីមូស្លីមមួយចំនួន នៅក្នុងសាលារៀនសាធារណៈ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។
ប្រទេសបារាំងដែលបានហាមឃាត់យ៉ាងតឹងរ៉ឹង នូវនិមិត្តសញ្ញាសាសនានៅក្នុងសាលារៀនសាធារណៈ ចាប់តាំងពីច្បាប់សតវត្សទី១៩ បានលុបបំបាត់ឥទ្ធិពលសាសានកាតូលិកប្រពៃណីចេញពីការអប់រំសាធារណៈ និងបានព្យាយាមធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ ជាការឆ្លើយតបទៅនឹងជនជាតិភាគតិចមូស្លីមដែលកំពុងកើនឡើង។
ឈើឆ្កាងធំៗ កន្សែងទទូលក្បាលរបស់សាសន៍យូដា ឬអ៊ីស្លាម មិនត្រូវបានអនុញ្ញាតនៅក្នុងសាលាសាធារណៈរបស់បារាំងទេ។
ក្នុងឆ្នាំ ២០០៤ ប្រទេសនេះបានហាមប្រាមពាក់ hijabs (ទទូលក្រម៉ា) នៅក្នុងសាលារៀន ហើយនៅឆ្នាំ ២០១០ បារាំងក៏បានអនុម័តការហាមប្រាមលើស្បៃមុខនៅសាធារណៈផងដែរ ដែលធ្វើឱ្យសហគមន៍មូស្លីមដែលមានចំនួនប្រមាណ ៥លាននាក់មានការខឹងសម្បារ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Gabriel Attal បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍ TF1 ថា «ខ្ញុំបានសម្រេចចិត្តថា abaya មិនអាចពាក់នៅក្នុងសាលារៀនបានទៀតទេ» ។ នៅពេលអ្នកដើរចូលទៅក្នុងថ្នាក់រៀន អ្នកមិនគួរកំណត់អត្តសញ្ញាណសាសនា របស់សិស្សដោយគ្រាន់តែមើលពួកគេនោះទេ»។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីមានការជជែកដេញដោលគ្នាអស់ជាច្រើនខែ ខណៈក្រុមស្តាំនិយម និងស្តាំនិយមជ្រុលបានជំរុញឲ្យមានការហាមប្រាម ខណៈអ្នកឆ្វេងនិយមប្រកែកថា វានឹងរំលោភសិទ្ធិពលរដ្ឋ៕