(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឱ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងសមភាគីតួកគី លោក Hakan Fidan នឹងជួបពិភាក្សាគ្នានៅទីក្រុងម៉ូស្គូ «នាពេលខាងមុខដ៏ឆាប់នេះ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៉ី TASS នៅថ្ងៃចន្ទ ទីរ២៨ ខែសីហា ឆ្នាំ២០២៣។

ប្រទេសតួកគីកំពុងព្យាយាមបញ្ចុះបញ្ចូលរុស្ស៊ី ឱ្យត្រលប់ទៅរកកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិ តាមរយៈកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញ បន្ទាប់រុស្ស៉ីសម្រេចដកខ្លួនចេញកាលពីខែមុន ក្រោមហេតុផលថា កិច្ចព្រមព្រៀងនោះមិនបម្រើដល់ប្រយោជន៍ខ្លួនឡើយ។

វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងជួបពិភា​ក្សាទល់មុខគ្នាជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan ក្នុងពេលឆាប់ៗនេះ ស្តីពីកិច្ចព្រមព្រៀងនាំចេញស្បៀងអាហារសមុទ្រតាមច្រកសមុទ្រខ្មៅ និងបញ្ហាផ្សេងៗទៀត ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទ ឬទីតាំងឱ្យប្រាកដនោះទេ៕