(មូស្គូ)៖ លោក អាណាតូលី ស៉ីដូរ៉ូវ (Anatoly Sidorov) ប្រធានអគ្គសេនាធិការនៃអង្គការសន្ធិសញ្ញាអន្តរសន្តិសុខ (CSTO) បាននិយាយថា សមាជិក CSTO ដែលដឹកនាំដោយរុស្ស៉ី បានអញ្ជើញក្រុមអ្នកសង្កេតការណ៍ ពីអារ៉ាប៊ីសាអូឌីត អ៉ីរ៉ង់ ចិន និងម៉ុងហ្គោលី មកតាមដានសមយុទ្ធ Combat Brotherhood-2023 នៅបេឡារុស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

Combat Brotherhood ជាសមយុទ្ធជាយុទ្ធសាស្ត្រ និងប្រតិបត្តិការរួម ដោយនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃ ទី១ ខែកញ្ញា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោក ស៉ីដូរ៉ូវ បានកត់សម្គាល់ថា «តំណាងប្រទេសដែលមិនមែនជា CSTO ដូចជា អារ៉ាប៊ីសាអូឌីត អ៉ីរ៉ង់ ចិន និងម៉ុងហ្គោលី ត្រូវបានអញ្ជើញឲ្យចូលរួមសមយុទ្ធយោធារបស់យើង ក្នុងនាមជាអ្នកសង្កេតការណ៍»។

គួរបញ្ជាក់ថា ការអញ្ជើញប្រទេសទាំង ៤នេះ ត្រូវបានសម្រេចក្នុងកិច្ចពិគ្រោះយោបល់ពីមន្ត្រី និងភ្នាក់ងារពាក់ព័ន្ធរបស់ប្រទេសជាសមាជិក CSTO។ បច្ចុប្បន្នក៏កំពុងមានដំណើរការ លើការអញ្ជើញអ្នកសង្កេតការណ៍ទៅចូលរួមសមយុទ្ធ Indestructible Brotherhood-2023 នៅតាហ្ស៉ីគីស្ថានផងដែរ៕