(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃចន្ទនេះ តុលាការប៉ាគីស្ថាន បានទម្លាក់ការចោទប្រកាន់ចំពោះអតីតនាយករដ្ឋមន្ត្រី លោក អ៉ីរ៉ាំ ខាន់ (Imran Khan) ពាក់ព័ន្ធករណីឃាតកម្ម ដែលវាជាការជួយបន្ធូរបន្ថយសម្ពាធមួយ សម្រាប់រូបលោក ដែលទើបត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ ពីបទពុករលួយ កាលពីពេលកន្លងទៅ ក្នុងខែសីហានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

កាលពីខែមិថុនា លោក ខាន់ ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធ ក្នុងឃាតកម្មលើមេធាវីនៃតុលាការកំពូល លោក អាប់ឌុល រ៉ាស់ហ្សាក់ (Abdul Razzaq) ដែលត្រូវគេសម្លាប់ក្នុងទីក្រុងខ្វេតតា (Quetta) ភាគនិរតីប្រទេសប៉ាគីស្ថាន នៅខែដដែលនោះ។ កូនប្រុសរបស់ លោក រ៉ាស់ហ្សាក់ បានចោទប្រកាន់ថា លោក ខាន់ ជាអ្នកនៅពីក្រោយឃាតកម្មរបស់ឪពុកគាត់។ មេធាវីរបស់ លោក ខាន់ បានបង្ហោះសារ តាមបណ្តាញសង្គម X ដោយអបអរថា បទចោទខាងលើចំពោះ លោក ខាន់ ត្រូវបានទម្លាក់ចោលហើយ។ យ៉ាងនេះក្តី រដ្ឋអាជ្ញានៃរដ្ឋាភិបាល មិនទាន់អត្ថាធិប្បាយលើសេចក្តីសម្រេចនេះទេ។

គួរបញ្ជាក់ថា លោក ខាន់ ត្រូវហាមឃាត់ពីការធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ នៅថ្ងៃល្ងាចថ្ងៃចន្ទនេះ តុលាការជាន់ខ្ពស់ ក្នុងទីក្រុងអ៉ីស្លាម៉ាបាដ (Islamabad) គ្រោងកាត់ក្តីលើបណ្តឹងសាទុក្ខរបស់ លោក ខាន់ ដែលស្នើសុំព្យួរទោស និងសម្រេចលើការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទពុករលួយ៕