(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធជប៉ុន និងកងម៉ារីនអាមេរិក គ្រោងរៀបចំសមយុទ្ធរួមគ្នាជាលើកដំបូង ដែលគេឲ្យឈ្មោះថា Resolute Dragon នៅលើកោះទល់មុខនឹងតៃវ៉ាន់ក្នុងសមុទ្រចិនខាងកើត នាខែតុលាខាងមុខ ឆ្លើយតបសកម្មភាពយោធារបស់ចិនតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

គេរំពឹងថា កងកម្លាំងសរុបប្រហែល ២,៣២០នាក់ ត្រូវមកចូលរួមក្នុងសមយុទ្ធដែលគ្រោងរៀបចំនៅចន្លោះកោះអូគីណាវ៉ា (Okinawa) និងគីយូស៊ិ (Kyushu) ដោយការអនុវត្តសកម្មភាពរួមគ្នាដូចជា ការចល័តទ័ពឆ័ត្រយោង និងចុះចត ការផ្ទេរកងទ័ព និងសម្ភារជាបន្ទាន់ ដោយមានជំនួយពីឧទ្ធម្ភាគចក្រ និងកំណត់ការហោះហើរ ហើយក៏មាននូវសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើកាំភ្លើងធំ howitzer ១៥៥មីលីម៉ែត្រ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ផងដែរ។

គួរបញ្ជាក់ថា សមយុទ្ធ Resolute Dragon បានបង្កើតឡើងតាំងពីឆ្នាំ ២០២១ ដែលធ្វើឡើងនៅលើកោះហុកកៃដូ (Hokkaido) នៅចុងភាគខាងជើង និងនៅភាគឦសាននៃកោះដ៏ធំមួយរបស់ជប៉ុនគឺ កោះហុនស៊ុ (Honshu)៕