(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះ បានប្រកាសថា គិតចាប់ពីថ្ងៃទី៣០ ខែសីហា តទៅ បុគ្គលដែលចូលមកកាន់ប្រទេសចិន នឹងលែងតម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ មុនពេលចេញដំណើរទៀតហើយ ពោលទាំងការធ្វើតេស្តតាមម៉ាស៉ីន PCR ក៏ដូចជាការធ្វើតេស្តរហ័ស Antigen គឺលែងចាំបាច់ទាំងអស់តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

ការសម្រេចដាក់ចេញគោលការណ៍ថ្មីខាងលើ គឺធ្វើឡើងស្របពេលដែលបច្ចុប្បន្ន​ អ្នកដំណើរដែលចង់ចូលទៅកាន់ប្រទេសចិន នៅតម្រូវឱ្យ​ត្រូវធ្វើតេស្តរហ័សជាមុនសិន ក្នុងរយៈពេល៤៨ម៉ោង មុនចេញដំណើរ។ ក្រោយរយៈពេលប្រមាណជា៣ឆ្នាំនៃការអនុវត្តវិធានការរឹតត្បិតដ៏តឹងរ៉ឹង ដើម្បីគ្រប់គ្រងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ចិនបានប្រកាសបន្ធូរបន្ថយវិធានការទាំងនោះវិញ នៅទូទាំងប្រទេសកាលពីខែធ្នូ ឆ្នាំ២០២២។ បន្ទាប់​មកទៀតនៅខែមករា ឆ្នាំនេះ ចិនបានលុបចោលវិធានការចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេស ប៉ុន្តែតម្រូវឱ្យមានការធ្វើតេស្ត PCR ក្នុងរយៈពេល៤៨ម៉ោង មុនចេញដំណើរ ដើម្បីអាចចូលប្រទេសខ្លួនបាន។

គួរបញ្ជាក់ថា ប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយ គោលការណ៍តម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ សម្រាប់អ្នកដំណើរមកពីប្រទេសមួយចំនួន កាលពីខែមីនា ឆ្នាំនេះ ហើយនៅខែមេសា ចិនក៏បានទម្លាក់ចោលការតម្រូវធ្វើតេស្តតាមម៉ាស៉ីន PCR មកនៅត្រឹមការតម្រូវធ្វើតេស្តរហ័ស Antigen វិញ៕