(វ៉ាស៉ីនតោន)៖ ព្យុះត្រូពិចឈ្មោះ Idalia អាចនឹងកើនឡើងថាមពលទៅជាព្យុះហឺរិខិននាថ្ងៃចន្ទនេះ ហើយនាំមកនូវខ្យល់បោកបក់ខ្លាំង រួមជាមួយទឹកជំនន់ ទៅលើប្រទេសគុយបានិងរដ្ឋ Florida របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

អភិបាលរដ្ឋ Florida លោក Ron DeSantis បាននិយាយថា ព្យុះខាងលើបច្ចុប្បន្នមានកម្លាំងខ្យល់ខ្ទង់៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចឈានដល់ កម្លាំងនៃព្យុះហឺរីខិនកម្រិតទី២ ដែលមានល្បឿនខ្យល់បក់ចន្លោះ១៥៤-១៧៧គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេល​ដែលវាត្រូវបានព្យាករថា នឹងធ្វើដំណើរទៅដល់រដ្ឋ Florida ក្នុងអំលុងថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យ របស់មជ្ឈមណ្ឌលជាតិតាមដានព្យុះហឺរីខិន NHC របស់សហរដ្ឋអាមេរិក ព្យុះ Idalia កំពុងស្ថិតនៅក្បែរច្រកសមុទ្រ Yucatan ចម្ងាយប្រហែល២៣៥គីឡូម៉ែត្រ ពីភាគខាងលិចប្រទេសគុយបា។ ព្យុះនេះអាចនឹង​បង្កឱ្យមានគ្រោះទឺកជំនន់ ដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំង នៅតាមតំបន់ជាប់បណ្តោយឆ្នេរភាគខាងលិច និងតំបន់ភាគពាយព្យនៃរដ្ឋ Florida ព្រមទាំងតំបន់ភាគខាងត្បូងរដ្ឋ Georgia ចាប់ពីចន្លោះយប់ថ្ងៃអង្គារ ដល់ថ្ងៃពុធសប្តាហ៍នេះ៕