(តូក្យូ)៖ ទីភ្នាក់ងារអវកាសជប៉ុន បានសម្រេចផ្អាកជាបណ្តោះអាសន្នសិន នូវគម្រោងបាញ់បង្ហោះគ្រាប់រ៉ុក្កែតអវកាសនាថ្ងៃចន្ទនេះ ដែលត្រូវនាំយកយានរ៉ូបូតមួយគ្រឿង ទៅចុះចតលើផ្ទៃព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

ក្រុមហ៊ុន Mitsubishi Heavy Industries (MHI) ដែលជាអ្នកធ្វើប្រតិបត្តិការរ៉ុក្កែតខាងលើ បាននិយាយថា ទោះបីជារ៉ុក្កែត H-IIA មានកម្រិតជោគជ័យដល់ទៅ៩៨ភាគរយ នៃការបាញ់បង្ហោះក៏ដោយ ស្ថានភាពខ្យល់បក់ដែលមិនអំណោយផលនៅស្រទាប់បរិយាកាសផ្នែក​​ខាងលើ បានបង្ខំឱ្យគម្រោងបាញ់បង្ហោះរ៉ុក្កែតនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន នៅរយៈពេលជិត៣០នាទី មុនពេលវេលាកំណត់ដែលត្រូវចេញដំណើរ។ ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតនេះ គឺធ្លាប់ត្រូវបានពន្យារពេល២លើករួចហើយ ចាប់តាំងពីសប្តាហ៍មុន ខណៈកាលបរិច្ឆេទថ្មី មិនទាន់ត្រូវបាន​សម្រេចនៅឡើយទេ។

គួរបញ្ជាក់ថា រ៉ុក្កែត H-IIA ផ្ទុកយាន SLIM ដែលនឹងត្រូវក្លាយជាយានរ៉ូបូតដំបូងបំផុតរបស់ជប៉ុន ដែលចុះចតនៅលើព្រះចន្ទ។ ទីភ្នាក់ងារ​អវកាសជប៉ុន JAXA មានគោលដៅចាប់ផ្តើមចុះចតយាន SLIM ពីគន្លងក្បែរព្រះចន្ទ នៅចន្លោះខែមករា-កុម្ភៈ ឆ្នាំ២០២៤ ក្រោយការ​បាញ់បង្ហោះដែលត្រូវធ្វើឡើងនៅថ្ងៃចន្ទនេះ ដើម្បីដើរតាមភាពជោគជ័យនៃបេសកកម្មឋានព្រះចន្ទ Chandrayaan-3 របស់ឥណ្ឌា នាពេលថ្មីៗនេះ។ ដោយឡែក កាលពីខែមេសា ឆ្នាំនេះ យានរ៉ូបូតនៃបេសកកម្ម Hakuto-R Mission 1 របស់ក្រុមហ៊ុន ispace ដែលមានមូលដ្ឋាននៅ​ទីក្រុងតូក្យូ បានទទួលបរាជ័យនៅពេលដែលវាធ្លាក់ទៅបុកលើផ្ទៃព្រះចន្ទពេញទំហឹង៕