(មូស្គូ)៖ នៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសរុស្ស៉ី បានរាយការណ៍ថា ទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB បានចោទប្រកាន់​ជាផ្លូវការលើ អតីតបុគ្គលិកម្នាក់នៃស្ថានកុលស៊ុលអាមេរិក ប្រចាំនៅតំបន់ចុងបូព៌ារបស់រុស្ស៉ី ពីបទលួចប្រមូលយកទិន្នន័យពាក់ព័ន្ធអំពី​សង្រ្គាមនៅអ៊ុយក្រែន រួមជាមួយបញ្ហាដទៃទៀត ឱ្យទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

សារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ ដោយផ្អែកលើសម្តីរបស់ទីភ្នាក់ងារ FSB ថា ជនសង្ស័យខាងលើ ដែលមានឈ្មោះ Robert Shonov បានលួចបញ្ជូនព័ត៌មានឱ្យទៅ បុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ស្តីអំពីផលប៉ះពាល់នៃយុទ្ធនាការកែនកម្លាំងទ័ព​​របស់រុស្ស៉ីចំពោះបរិយាកាសនយោបាយ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៉ី ឆ្នាំ២០២៤។

ទីភ្នាក់ងារ FSB បាននិយាយថា ខ្លួនគ្រោងនឹងសួរនាំបុគ្គលិកស្ថានទូតអាមេរិកទាំងឡាយណា ដែលបានទាក់ទងជាមួយលោក Shonov ផងដែរ។ លោក Shonov ជាជនជាតិរុស្ស៉ី ហើយត្រូវបានអាជ្ញាធររុស្ស៉ីចាប់ឃុំខ្លួន តាំងតែពីខែឧសភាមក។ នាពេលនោះ​ ស្ថានទូតអាមេរិកបាន​និយាយថា ការចោទប្រកាន់ប្រឆាំងនឹងលោក Shonov គឺពុំមានមូលដ្ឋានរឹងមាំ ហើយតួនាទីរបស់លោកគិតត្រឹមពេលត្រូវគេចាប់ឃាត់ខ្លួន គឺត្រឹមទទួលបន្ទុកចងក្រងខ្លឹមសារព័ត៌មានសង្ខេប ដែលប្រមូលមកពីប្រភពដែលចេញផ្សាយជាសាធារណៈស្រាប់ ដោយបណ្តាញព័ត៌មាន​របស់ប្រទេសរុស្ស៉ីផ្ទាល់ប៉ុណ្ណោះ៕