(មូស្គូ)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមនាវារបស់យោធាជើងទឹកនៃប្រទេសរុស្ស៉ី ទើបតែវិលត្រឡប់មកវិញពីការធ្វើប្រតិបត្តិការល្បាត ដែលមានរយៈពេលដល់ទៅជាង ៣សប្តាហ៍ នៅឯតំបន់មហាសមុទ្រប៉ាស៉ីហ្វិកជាមួយក្រុមនាវាចម្បាំងចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

កាលពីថ្ងៃអាទិត្យកន្លងទៅ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី Interfax បានរាយការណ៍ថា ក្រុមនាវាចម្បាំងរុស្ស៉ីរួមគ្នាជាមួយក្រុមនាវាចម្បាំងចិន បានធ្វើដំណើរចម្ងាយជាង ១៣,០០០គីឡូម៉ែត្រ កាត់តាមតំបន់សមុទ្រជប៉ុន សមុទ្រអូខុត សមុទ្រប៊ែររីង និងមហាសមុទ្រប៉ាស៉ីហ្វិក។ អំលុងប្រតិបត្តិការល្បាតនោះ កងនាវាចម្បាំងរុស្ស៉ី-ចិន បានបើកកាត់តំបន់ទីប្រជុំកោះ Kurils ដែលមានបញ្ហាវិវាទជាមួយប្រទេសជប៉ុន ហើយក្រុមនាវាចម្បាំងប្រទេសទាំង២ ក៏បានធ្វើដំណើរក្រឡឹងផ្នែកនៃតំបន់ក្រុមកោះ អាលូសៀន (Aleutian) ផងដែរ។ កោះភាគច្រើន​នៅទីនោះ គឺស្ថិតក្រោមកម្មសិទ្ធិនៃរដ្ឋ Alaska របស់សហរដ្ឋអាមេរិក ប៉ុន្តែទីប្រជុំកោះ Commander នៃតំបន់នោះ ដែលនៅក្បែរ​ឧបទ្វីប Kamchatka គឺជាផ្នែកនៃប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា រុស្ស៉ីនិងចិនបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែខ្លាំងឡើង ជាពិសេសផ្នែកយោធា បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន។ កាលពីខែកញ្ញា ឆ្នាំមុន ចិនបានបញ្ជូនកងទ័ពជាង២,០០០នាក់ រួមជាមួយយានយោធា៣០០គ្រឿង យន្តហោះចម្បាំង២១គ្រឿង ព្រមទាំង​នាវាចម្បាំង៣គ្រឿង ឱ្យចូលរួមសមយុទ្ធទ្រង់ទ្រាយធំមួយ ជាមួយរុស្ស៉ី។ ចំណែកក្នុងឆ្នាំនេះ ប្រទេសទាំង២ ក៏បានបង្កើនការធ្វើប្រតិបត្តិការល្បាតរួមគ្នាផងដែរ ទាំងតាមដែនសមុទ្រនិងតាមដែនអាកាស៕