(ប៉េកាំង)៖ ក្រុមមន្ត្រីឧតុនិយមចិន នៅថ្ងៃចន្ទ ទី២៨ ខែសីហានេះបានព្រមានថាខេត្តជាច្រើន ជាពិសេសគឺខេត្ត ហ៊ូណាន់ (Hunan) អាចនឹងទទួលរងភ្លៀង ធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ភ្លាមៗ នៅរយៈពេល ២ថ្ងៃខាងមុខនេះ ខណៈភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរលើប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មនុស្សច្រើនជាង ៣,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពក្នុងខេត្តហ៊ូណាន់ ភាគពាយព្យនៃប្រទេស កាលពី ចុងសប្ដាហ៍កន្លងទៅនេះ ស្របពេលភ្លៀងធ្លាក់ខ្លាំងកំពុងធ្លាក់លើតំបន់សាងស៊ី (Sangzhi) សាយមិន (Shimen) យ៉ុងសាន់ (Yongshun) និងទីក្រុង ចាងជៀជី (Zhangjiajie)។

តំបន់សាងស៊ី (Sangzhi) បានកត់ត្រាកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងឆ្នាំ២០២៣នេះ ជាមួយកម្រិតទឹកភ្លៀងអតិបរមា ២៥៦មីលីម៉ែត្រ កាលពីយប់ថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយនេះគឺជាកម្រិតទឹកភ្លៀងច្រើនមិនធ្លាប់មាន ក្នុងតំបន់មួយនេះចាប់តាំងពីឆ្នាំ១៩៩៨មក។

គួរបញ្ជាក់ថា កាលពីចុងខែកក្កដាកន្លងទៅ ព្យុះទីហ្វុង Dokusri បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានក្នុងទីក្រុងប៉េកាំង នារយៈពេល ១៤០ឆ្នាំមកនេះ។ រដ្ឋាភិបាលចិនបានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន បង្កើនការប្រុងប្រយ័ត្នខ្ពស់ពីហានិភ័យនៃគ្រោះទឹកជំនន់ ខណៈព្យុះទីហ្វុង សៅឡា (Saola) កំពុងស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ហើយត្រូវបានរំពឹងថាអាចនឹងបក់បោកឆ្ពោះទៅកាន់ខេត្តក្វាងទុង (Guangdong) នៅថ្ងៃសុក្រ សប្ដាហ៍នេះ៕