(តៃប៉ិ)៖ មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou នៅថ្ងៃចន្ទ ទី២៨ ខែសីហានេះបានប្រកាសថាលោកនឹងឈរឈ្មោះជាបេក្ខជន ឯករាជ្យម្នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

លោក Terry Gou បានគូសបញ្ជាក់នៅក្នុងសនិ្នសីទសារព័ត៌មាន ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថានឹងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅ ឆ្នាំ២០២៤»។ នៅក្រោយការប្រកាសនេះដែរ លោក Gou ចាំបាច់ត្រូវតែប្រមូលឱ្យបានហត្ថលេខាចំនួន ២៩០,០០០ ដើម្បីអាចឈរឈ្មោះជាបេក្ខជន ឯករាជ្យម្នាក់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Foxconn គឺជាក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារមួយដ៏ធំសម្រាប់ក្រុមហ៊ុន Apple ហើយលោក Terry Gou បានលាលែងពីតំណែងជាប្រមុខ ក្រុមហ៊ុននេះក្នុងឆ្នាំ២០១៩ និងបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំនោះដែរ។ ប៉ុន្តែបានបរាជ័យដោយមិនត្រូវបានតែង តាំងជាបេក្ខជនតំណាងឱ្យគណបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ គួមិញតាង ដែលមានទំនោរងាកទៅរកចិននោះទេ។

លោក Gou ក៏បានព្យាយាមជាលើកទី២ ផងដែរ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សគួមិញតាង កាលពីខែមករា ឆ្នាំ២០២៣នេះ តែនៅ តែបរាជ័យ ខណៈគណបក្សប្រឆាំងមួយនេះបានជ្រើសរើសចៅហ្វាយក្រុងតៃប៉ិ លោក ហួ យូយី (Hou Yu-ih) ជាបេក្ខជនរបស់ខ្លួន ដើម្បីចូលរួម ប្រកួតប្រជែងយកតំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ជាមួយនឹងបេក្ខជនមកពីគណបក្សប្រជាធិតេយ្យចម្រើននិយម ដែលជាបក្សកាន់អំណាចនៅតៃវ៉ាន់ លោក William Lai ក្នុងការបោះឆ្នោតនៅខែមករា ឆ្នាំ២០២៤៕