(ស៉ីដនី)៖ ទាហានម៉ារីនអាមេរិកចំនួន ៣នាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯឆ្នេរសមុទ្រភាគខាងជើងប្រទេសអូស្ត្រាលី កាលពី ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ខណៈដឹកជញ្ជូនកងទ័ព អំឡុងការធ្វើសមយុទ្ធយោធាមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានរបស់កងម៉ារីនអាមេរិក បានបញ្ជាក់ថា មនុស្សចំនួន ៥នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងសភាពធ្ងន់ធ្ងរ។ ពួកគេស្ថិត ក្នុងចំណោមកងម៉ារីន ២៣នាក់ ដែលស្ថិតនៅលើឧទ្ធម្ភាគចក្រ MV-22B Osprey មុនពេលធ្លាក់លើកោះទីវី Tiwi ជាកោះដាច់ស្រយាលមួយ កាលពីម៉ោង ៩និង៣០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បានហៅឧបទ្ទវហេតុនេះថាជា «សោកនាដកម្ម» ហើយថាគ្មានទាហានអូស្ត្រាលីពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រនេះទេ។

គួរបញ្ជាក់ថា មូលហេតុនៃការធ្លាក់យន្តហោះនេះ ស្ថិតក្រោមការស៉ើបអង្កេតនៅឡើយ។ កងទ័ពប្រហែល ២,៥០០នាក់មកពីអូស្ត្រាលី សហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌូណេស៊ី និងទីម័រខាងកើត បានចូលរួមក្នុងសមយុទ្ធយោធា Exercise Predators Run 2023 នៅលើទឹកដីអូស្រ្តាលី៕