(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាបណ្ដាប្រទេសសម្ព័ន្ធមិត្តលោកខាងលិចដែលកំពុងផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងមូស្គូ នឹងមិនគាំទ្រទីក្រុងកៀវឡើយ ពាក់ព័ន្ធនឹងការវាយប្រហារលើទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ និងជាការឆ្លើយតបទៅនឹងសំណួរ ដែលសួរថាតើបច្ចុប្បន្ន ដល់ពេលដែលអ៊ុយក្រែនត្រូវបានបើកការវាយប្រហារលើទឹករុស្ស៉ីឬ? ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ ថាវាជាហានិភ័យដ៏ធំមួយ។ យើងអាចនឹងត្រូវបានបោះបង់ចោល»។ លោកបន្ថែមថាការប្រយុទ្ធរបស់អ៊ុយក្រែនដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញ គឺអាចធ្វើ ទៅបានដោយមានការជួយគាំទ្រដ៏សំខាន់ពីបណ្ដាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ធ្វើឡើងចំពេលដែលរុស្ស៉ីបានរាយការណ៍ពីការវាយប្រហារដោយយន្ដហោះដ្រូនស្ទើរជារៀងរាល់ថ្ងៃ នៅលើតំបន់របស់ខ្លួនមួយចំនួន ជាពិសេសគឺទីក្រុងមូស្គូ។ រុស្ស៉ីបានចោទប្រកាន់ថាការវាយប្រហារដោយយន្ដហោះដ្រូនគឺជាស្នាដៃរបស់អ៊ុយក្រែន រីឯទីក្រុងកៀវ មិនដែលទទួលស្គាល់ជាផ្លូវការឡើយ។ ប៉ុន្តែ លោក ហ្សេលេនស្គីផ្ទាល់ធ្លាប់បានលើកឡើងថាសង្រ្គាមឈ្លាមពានរបស់លោក ពូទីន កំពុងត្រឡប់ចូលទៅក្នុងទឹកដី រុស្ស៉ីវិញហើយ។ ចំណែក សហរដ្ឋអាមេរិកក៏តែងតែអះអាងជារឿយៗដែរថាខ្លួនមិនគាំទ្រ ឬលើកទឹកចិត្តឱ្យអ៊ុយក្រែនបើកការវាយប្រហារលើទឹកដីរុស្ស៉ី នោះទេ៕